(អាមេរិក)៖ តុលាការអាមេរិកបានចេញសេចក្តីសម្រេចជាបណ្ដោះអាសន្នពាក់ព័ន្ធនឹងការដកកម្មវិធី TikTok ចេញពី App Store និង Play Store នៅសហរដ្ឋអាមេរិក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រោយពីមានការប្ដឹងតវ៉ាពីសំណាក់ក្រុមហ៊ុនចិន ByteDance តុលាការអាមេរិកបានប្រកាសជាបណ្ដោះអាសន្នថា កម្មវិធី TikTok នៅតែអាចទាញយកចេញពី App Store និង Play Store នៅសហរដ្ឋអាមេរិកបាន។

មេធាវីការពារក្តីរបស់រដ្ឋភិបាលលោកដូណាល់ ត្រាំ បានស្នើឲ្យតុលាការដកកម្មវិធី TikTok ចេញពី App Store និង Play Store ដោយលើកឡើងថា កម្មវិធី TikTok គ្រប់គ្រងដោយក្រុមហ៊ុនចិន និងជាអ្នកប្រមូលព័ត៌មានរបស់អ្នកប្រើប្រាស់ប្រគល់ឲ្យរដ្ឋាភិបាលចិន ប៉ុន្តែការលើកឡើងនៅ ត្រូវបានមេធាវីការពារក្តីរបស់ TikTok បានធ្វើការបដិសេធយ៉ាងខ្លាំងក្លា។

តុលាការ មិនបានប្រកាសអ្វីច្រើននោះទេ គ្រាន់តែលើកឡើងថា ការចោទប្រកាន់របស់រដ្ឋភិបាលលោកដូណាល់ ត្រាំ មិនមានភស្តុតាងច្បាស់លាស់៕