(ភ្នំពេញ)៖ ស៊ីងហ្គាពួរ មេឌីខល សេនធ័រ បានក្លាយជាដៃគូ ក្នុងការផ្ដល់សេវាសុភាពជូនដល់បុគ្គលិករបស់ក្រុមហ៊ុន លី ហួរគ្រុប បន្ទាប់ពីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងគ្នានៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ ដែលប្រព្រឹត្ដទៅនៅ The Bridge Mall។

ពិធីចុះអនុស្សរណៈនេះ បានចូលរួមដោយលោក ឧកញ៉ា សៀ ឫទ្ធី ប្រធាននាយកប្រតិបត្តិនៃមណ្ឌលវេជ្ជសាស្រ្ត ស៊ីងហ្គាពួរ មេឌីខន សិនធ័រ និងលោកឧកញ៉ា លី ហួរ ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន លី ហួរ គ្រុប។

លោកឧកញ៉ា លី ហួរ បានថ្លែងថា «ដោយភាពជឿជាក់ខ្ពស់ទៅលើសមត្ថភាពរបស់ ស៊ីងហ្គាពួរ មេឌីខល សេនធ័រ ទើបយើងសម្រេចចិត្ដជ្រើស ជាដៃគូក្នុងការផ្ដល់សេវាសុខភាព ជូនបុគ្គលិករបស់យើង»

លោកថ្លែងបន្ដថា «ក្រុមហ៊ុនរបស់យើង គឺបានយកចិត្ដទុកដាក់ខ្ពស់ទៅលើសុខភាពរបស់បុគ្គលិក និងដើម្បីឆ្លើយតបឱ្យទាន់ពេលវេលា សម្រាប់បុគ្គលិក ដែលខ្វះខាតធនធាន ពិសេសបុគ្គលិកថ្នាក់ក្រោម ព្រោះថា យើងអាចត្រៀមផ្ដល់លទ្ធភាពជូនពួកគាត់ស្នើៗគ្នា ក្នុងការទទួលសេវាពិនិត្យព្យាបាលដ៏ល្អមួយនេះ»។

លើសពីនោះ ដើម្បីឱ្យបុគ្គលិក បានទទួលសេវាពិនិត្យសុខភាពជាទៀងទាត់ជាមួយគ្រូពេទ្យឯកទេស ដើម្បីបង្ការពីជំងឺផ្សេងៗដែលកើតមានដោយមិនដឹងខ្លួន ដល់ដំណាក់កាលធ្ងន់ធ្ងរ។

លោកឧកញ៉ា លី ហួរ បានលើកឡើងទៀតថា «សម្រាប់គោលដៅរបស់យើងផង គឺបន្តអភិវឌ្ឍក្រុមហ៊ុន ឲ្យក្លាយជាក្រុមហ៊ុនស្តង់ដារមួយលើគ្រប់វិស័យដែលយើងមាន ឲ្យមានល្អប្រសើរគ្រប់យ៉ាង»

ទន្ទឹមនឹងនោះ លោកឧកញ៉ា សៀ ឫទ្ធី បានថ្លែងផងដែរថា ស៊ីងហ្គាពួរ មេឌីខល សេនធ័រ ជាមជ្ឈមណ្ឌលផ្តល់សេវាសុខភាពស្តង់​ដារ​អន្តរជាតិមួយដូចនៅតាមបណ្តាប្រទេស ។

ជាងនេះទៅទៀត ជាផ្នែកមួយក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យសុខាភិបាលកម្ពុជា ក៏ដូចជាសុខភាពរបស់ប្រជាពលរដ្ឋយើងផងដែរ។

ជាក់ស្តែងដូចពេលនេះ «មជ្ឈមណ្ឌលសុខភាពមួយនេះ នឹងជួយផ្តល់សេវាពិនិត្យព្យាបាលដល់បុគ្គលិករបស់ក្រុមហ៊ុន លី ហួរ គ្រុប ក៏ដូចជាក្រុមហ៊ុនយើងប្រកបដោយប្រសិទ្ធភាពខ្ពស់»

ស៊ីងហ្គាពួរ មេឌីខល សេនធ័រ ត្រូវបានបង្កើតឡើងដោយមានគោលដៅចម្បងក្នុងការផ្ដល់នូវបទដ្ឋានវេជ្ជសាស្រ្តប្រកបដោយឧត្តមភាពរបស់ប្រទេសសិង្ហបុរី ជូនដល់ប្រជាជនកម្ពុជា។

ស៊ីងហ្គាពួរ មេឌីខល សេនធ័រ គឺជាមណ្ឌលវេជ្ជសាស្រ្តដំបូងគេក្នុងប្រទេសកម្ពុជា ដែលបានសហការជាមួយនឹងក្រុមវេជ្ជបណ្ឌិតឯកទេសសិង្ហបុរីមកពី FeM Surgery Group នៃមន្ទីរពេទ្យ Mount Elizabeth ហើយមណ្ឌលវេជ្ជសាស្រ្តនេះ ចាប់ផ្តើមផ្តល់សេវាកម្មដូចជា ឯកទេសជំងឺទូទៅ ឯកទេសសុខភាពស្រ្តី មជ្ឈមណ្ឌលផ្នែករូបភាពវេជ្ជសាស្រ្ត, ការពិគ្រោះជំងឺតាមប្រព័ន្ធឌីជីថល និងការវះកាត់ទូទៅ ជាមួយវេជ្ជបណ្ឌិតឯកទេសសិង្ហបុរី៕