(មេនឆេស្ទើ)៖ ក្លិបបាល់ទាត់អង់គ្លេស Manchester City បានចុះកិច្ចសន្យារយៈពេល ៦ឆ្នាំជាមួយកីឡាករខ្សែការពារ Ruben Dias ក្រោយទិញបានពីក្លិប Benfica ក្នុងតម្លៃ ៦៥លានផោននាថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០។

កីឡាករដែលលេងនៅតំបន់ការពារកណ្តាល វ័យទើបតែ ២៣ឆ្នាំ បានក្លាយជាសមាជិកថ្មីទី៣នារដូវក្តៅនេះក្រោមការបង្វឹករបស់លោក Pep Guardiola បន្ទាប់ពីការមកដល់របស់កីឡាករខ្សែការពារដូចគ្នា Nathan Ake និងខ្សែប្រយុទ្ធ Ferran Torres។

Ruben Dias នឹងត្រូវជំនួសកន្លែងរបស់កីឡាករអន្តរជាតិអាហ្សង់ទីន Nicolas Otamendi ដែលបានផ្ទេរទៅកាន់ Benfica វិញដែរក្នុងតម្លៃប្រមាណ ១៣.៧លានផោន។

Dias ជាអតីតកីឡាករចេញពីថ្នាលយុវជននៃក្លិបក្នុងស្រុក Benfica ដែលត្រូវបានកោះហៅចូលលេងឈុតធំបាន ១១៣ប្រកួតមកហើយ ជាមួយនឹងការឈ្នះពានលីគកំពូលនៃប្រទេស ស្ថិតនៅអឺរ៉ុបមួយនេះផងដែរនារដូវកាលឆ្នាំ២០១៨-២០១៩ ជាមួយនឹងការបង្ហាញខ្លួនក្នុងជម្រើសជាតិព័រទុយហ្គាល់បាន ១៩ដងមកហើយដែរ៕