(ភ្នំពេញ)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសផ្ដល់កាដូដល់ក្រុមអត្តពលិកជនពិការនូវអគារស្នាក់នៅមួយ ដើម្បីសម្រួលដល់ការស្នាក់នៅ និងហ្វឹកហាត់របស់កីឡាករ-កីឡាការិនីជនពិការដែលកំពុងស្នាក់អាស្រ័យនៅមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន។

ការប្រកាសនេះបានធ្វើឡើងក្នុងពិធីបិទការប្រកួតជើងឯកបាល់ទះអង្គុយ ឆ្នាំ២០២០ នៅថ្ងៃទី២៩ ខែកញ្ញានេះ។ ប៉ុន្ដែដោយសង្កេតឃើញកង្វះខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ពិសេសកន្លែងស្នាក់នៅរបស់កីឡាករ-កីឡាការិនីជនពិការ លោកបានសន្យានឹងរៀបចំអាគារសមរម្យមួយ ដើម្បីសម្រួលដល់ការស្នាក់នៅរបស់កីឡាករ-កីឡាការិនីជនពិការនៅទីនោះ។

ភ្លាមៗ លោករដ្ឋលេខាធិការ បានស្នើឲ្យក្រុមការងារ ធ្វើការជាមួយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក្នុងការសិក្សាទីតាំងថ្មី ដើម្បីរៀបចំ និងផ្ដល់នូវការស្នាក់នៅកាន់តែងាយស្រួល។ លើសពីនេះ ដើម្បីអបអរដល់ក្រុមបាល់ទះអង្គុយ ដែលបានចូលរួមប្រកួតជើងឯកឆ្នាំ២០២០ ចំនួន ៤ក្រុម លោកក៏បានឧបត្ថម្ភក្នុងមួយក្រុមចំនួន ៨០ម៉ឺនរៀលផងដែរ។

ឆ្លៀតឱកាសនោះ លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងអប់រំខាងលើ ដែលជំរុញឲ្យបងប្អូនកីឡាជនពិការមានភាពកក់ក្ដៅ និងកាន់តែខិតខំប្រឹប្រែងហ្វឹកហាត់ ដើម្បីសម្រួចទិសដៅឆ្ពោះទៅការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា។

ក្រឡេកមកចាប់អារម្មណ៍ការប្រកួតជើងឯកបាល់ទះអង្គុយ ឆ្នាំ២០២០ វិញ ជើងឯក គឺបានទៅក្រុមតេជៈសន្ដិភាព ក្រោយយកឈ្នះក្រុមត្នោតជ័យ ខេត្តកំពង់ស្ពឺ ៣-០សិត ដែលនាំឲ្យក្រុមត្នោតជ័យកំពង់ស្ពឺ ទទួលបានត្រឹមជើងឯករង។ ចំណែកលេខ៣ បានទៅក្រុមមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងលេខ៤ បានទៅក្រុមរិទ្ធីសែន ខេត្តកំពង់ឆ្នាំង៕