(លីវើភូល)៖ ខ្សែបម្រើ-ប្រយុទ្ធ Thiago Alcantara បានផ្តាច់ខ្លួនពីគេមួយរយៈ ក្រោយឆ្លងជំងឹ Covid-19 នាពេលថ្មីៗនេះ ដែលធ្វើឲ្យកីឡាករអេស្ប៉ាញរូបនេះខកខានជំនួបសំខាន់២ ពីក្លិបហង្សក្រហម Liverpool។
កីឡាករវ័យ ២៩ឆ្នាំ Thiago ដែលផ្ទេរចេញពីក្លិប Bayern Munich នារដូវក្តៅឆ្នាំ២០២០ នេះ ត្រូវបានបង្ហាញខ្លួនលើកដំបូងក្នុងនាមជាកីឡាករបម្រុងពេល Liverpool យកឈ្នះម្ចាស់ផ្ទះតោខៀវ Chelsea ២-០ នៅ Premier League តែបានខកខាន ២ប្រកួតពេលហង្សក្រហម ទម្លាក់គូប្រជែង Lincoln ចេញពី League Cup និងជ័យជម្នះ ៣-១ ទៅលើ Arsenal នៅ Premier League កាលពីរាត្រីថ្ងៃចន្ទ។
យោងតាមរបាយការណ៍របស់ក្លិប Liverpool ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC បានឲ្យដឹងថា «Thiago Acantara មានចេញរោគសញ្ជាតិចតួច ក៏ប៉ុន្តែស្ថិតក្នុងស្ថានភាពល្អ និងជាសះស្បើយឆាប់ៗនេះ»។
Liverpool នឹងចាប់ផ្តើមលេងពាន Premier League សប្តាហ៍ទី៤ នាចុងសប្តាហ៍នេះទល់នឹងម្ចាស់ផ្ទះ Aston Villa ក្រោយឆ្លងកាត់ ៣ប្រកួតមិនដែលចាញ់ និងឈរនៅលេខរៀងទី២ ក្នុងតារាងពិន្ទុបណ្តោះអាសន្នផងដែរ ក្នុងនាមជាក្រុមការពារតំណែងជើងឯក៕