(ភ្នំពេញ)៖ «បើសិនជាអ្នក ចង់ធ្វើជាអ្នកដឹកនាំអាជីវកម្មដ៏ល្អម្នាក់ ត្រូវយកចិត្តផ្តោតលើ ៣ចំណុចសំខាន់ៗ»។ នេះបើតាមលោកស្រី ណៃនី អគ្គនាយិកាក្រុមហ៊ុន ណៃនីប៊ីយូធី ខូអិលធីឌី។

ការលើកឡើងរបស់លោកស្រី បានធ្វើឡើងបន្ទាប់ពីមើលឃើញថា អ្នករកស៉ីដែលមានក្រុមហ៊ុននៅក្នុងដៃនោះ ច្បាស់ណាស់នឹងមានរឿងវ៉ាវ និងបញ្ហាប្រឈមនានាជាច្រើននៅចំពោះមុខមិនខាន។ ក្នុងន័យនេះ លោកស្រីបញ្ជាក់ថា អ្នកដឹកនាំអាជីវកម្មដ៏ល្អ ប្រាកដជាមានលក្ខណៈពិសេសរៀងៗខ្លួន ក្នុងការគ្រប់គ្រង់អាជីវកម្មពួកគេ ឲ្យទទួលបានជោគជ័យ។

លោកស្រី ណៃនី បានលើកឡើងថា បើសិនជាចង់ធ្វើជាអ្នកដឹកនាំអាជីវកម្មដ៏ល្អម្នាក់ ត្រូវយកចិត្តផ្តោតលើ ៣ចំណុចសំខាន់ៗ ដែលរួមមាន៖

* ១៖ គ្រួសារ៖ ក្នុងគ្រួសារនីមួយៗត្រូវមានមេ។ បើសិនជាមេម្នាក់នោះគ្មានភាពជាអ្នកដឹកនាំក្នុងខ្លួននោះ គ្រួសារមួយនឹងពេញទៅដោយបញ្ហា និងគ្មានក្តីសុខ។ ដូចពាក្យមួយថាគ្មានជោគជ័យណា ដែលធំជាងជោគជ័យ ដោយធ្វើឲ្យអ្នកផ្ទះរបស់ខ្លួន មានសេក្តីសុខឡើយ។ ក្នុងន័យនេះ ការដឹកនាំគ្រួសារបានល្អ ធ្វើឲ្យអ្នកក្លាយជាអ្នកដឹកនាំក្រុមហ៊ុនបានល្អដែរ។

* ២៖ អាជីវកម្ម៖ ត្រូវឲ្យតម្លៃបុគ្គលិក។ ក្នុងការបើអាជីវកម្មមិនថាតូច ឬធំគឺត្រូវតែមានអ្នកចូលរួមធ្វើជាមួយ ដែលអាចនិយាយបានថា ថ្នាក់លើ និងថ្នាក់ក្រោម ដូច្នេះចំពោះមេដឹកនាំដែលល្អ ត្រូវមានចិត្តស្រលាញ់ គោរពឲ្យតម្លៃទៅលើបុគ្គលិក ឬអ្នកសហការជាមួយ។ ជាពិសេស ត្រូវចេះបំពេញភាពខ្វះខាតទៅឲ្យគេ ដោយមិនមែនជាការស្តីបន្តោស។

* ៣៖ ប្រទេសជាតិ៖ ការចូលរួមចំណែកជួយសង្គម មានន័យថាអ្នកផ្តោតយកការយកចិត្តទុកដាក់ ចំពោះប្រទេសជាតិ។ ការចេះឈឺឈ្អាល និងជួយសង្គម ធ្វើឲ្យអ្នកដទៃដែលនៅជុំវិញ មើលមកអ្នកថា ជាមនុស្សមានតម្លៃគួរឲ្យគោរព។ យើងទាំងអស់គ្នារស់នៅក្នុងសង្គមជាតិតែមួយ ដូច្នេះយើងត្រូវមានការចូលរួមចំណែក ជួយដល់សង្គមមិនថាតិចក្តី ឬច្រើនក្តី គឺជួយទៅតាមលទ្ធភាពដែលយើងមាន។

លើសពីនេះ លោកស្រីអគ្គនាយិការូបនេះ បានបន្ថែមទៀតថា ក្នុងនាមជាម្ចាស់អាជីវកម្មមួយរូបដែរនោះ លោកស្រីមានគោលបំណង ចង់ចូលរួមជួយអភិវឌ្ឍន៍ធនធានមនុស្ស និងជាពិសេសស្រ្តីមេផ្ទះ ដែលខ្វះខាតចំណេះជំនាយជាដើម៕