(ភ្នំពេញ)៖ ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ ធ្លាប់ទទួលបានការអញ្ជើញចូលលេងលីគកំពូលកម្ពុជា ឆ្នាំ២០២០ តែត្រូវបានថ្នាក់ដឹកនាំក្លិបបដិសេធ ព្រោះក្លិបមានគោលដៅវែងឆ្ងាយ និងចង់អភិវឌ្ឍតាមដំណាក់កាល មិនចង់ផ្លោះឡើយ។ នេះបើតាមការបង្ហើបឲ្យដឹងរបស់លោក សៀក សុវណ្ណ អ្នកចាត់ការទូទៅក្លិប ដែលជាបេក្ខភាពត្រៀមចូលរួមប្រកួតលីគទី២ កម្ពុជា ឆ្នាំ២០២០ នាចុងសប្ដាហ៍នេះ។
លោក សៀក សុវណ្ណ បានបញ្ជាក់ថា «ISI មានគោលដៅវែងឆ្ងាយដែរ មិនត្រឹមតែថាចូលលេងលីគ២ ឬលីគ១ ទេ យើងមានមហិច្ឆតាចង់ចូលរួមយូរហើយ។ តាមត្រូវយើងអាចនឹងចូលលេង (លីគកំពូល) តាំងពី ១ឆ្នាំមុន ដោយសារខាងសហព័ន្ធដែលគាត់កាត់កំពង់ចាមចេញមកហ្នឹង ខាងគេក៏អញ្ជើញយើងដែរ ប៉ុន្តែជាគោលដៅថ្នាក់ដឹកនាំគាត់ចង់ចេញពី ១ជំហានទៅ ១ជំហាន គាត់អត់ចង់ផ្លោះឡើយ»។ អញ្ចឹងបានន័យថា យើងក៏មានគម្រោងឡើងទៅលីគអាជីពកម្រិត១ ដែរ។ ប៉ុន្តែយើងចង់ដឹងថា តើពេលដែលយើងចូលលីគទី២ យើងធ្វើបានប៉ុន្មាន? យើងស្ទាបស្ទង់សមត្ថភាពយើង ទាំងសមាជិក កីឡាករ គ្រូ និងថ្នាក់ដឹកនាំផ្សេងៗ ហើយដូចយើងនិយាយអញ្ចឹង យើងសិក្សាពីមួយជំហាន ទៅមួយជំហាន យើងអត់ចង់ផ្លោះ ចង់តាមដំណាក់កាលវិញ»។
ដូច្នេះស្របពេលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បង្កើតលីគទី២ កម្ពុជាឡើងវិញ ក្រុមមានមូលដ្ឋាននៅបណ្ដោយផ្លូវវេងស្រេង ក៏បានដាក់ពាក្យចូលរួមប្រកួតតែម្ដង ហើយបានក្លាយជាបេក្ខភាពមួយ ក្នុងចំណោម ១០ក្រុម ដើម្បីធ្វើការប្រកួតប្រជែងជើងឯកលីគទី២ កម្ពុជា ឆ្នាំ២០២០ និងប្រជែងកៅអីលីគកំពូលកម្ពុជា ឆ្នាំ២០២១ ចំនួន ១កៅអីផងដែរ។
ចំពោះការប្រកួតលីគទី១ នឹងចាប់ផ្ដើមការប្រកួតចុងសប្ដាហ៍នេះ ក្នុងនោះក្រុម ISI ដង្កោសែនជ័យ ត្រូវបើកទ្វារផ្ទះទទួលក្រុមសៀមរាបអែហ្វស៊ីមុនគេ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ នៅទីលាន KMH Park។ រីឯបេក្ខភាពលីគទី២ ចំនួន ៨ក្រុមទៀត រួមមានសមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង, ក្រុមបាល់ទាត់ឬទ្ធីសែន, ក្រុមបាល់ទាត់ខេត្តស្វាយរៀង, ក្រុមបាល់ទាត់ខេត្តកំពង់ស្ពឺ, ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ, យុវជន U21 ភ្នំពេញក្រោន និងយុវជន U21 កងយោធពលខេមរភូមិន្ទ៕