(ម៉ូនិច)៖ ការប្រកួតដណ្តើមពានរង្វាន់ក្របខណ្ឌអាល្លឺម៉ង់ German-Super Cup 2020 នឹងត្រូវធ្វើឡើងនាយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ដោយក្នុងនោះកីឡាករខ្សែបម្រើ-ប្រយុទ្ធ Leroy Sane នឹងខកខានជួយក្រុម Bayern Munich ប៉ះ Borussia Dortmund ដោយសារបញ្ហារបួសជង្គង់។ នេះបើតាមការចេញផ្សាយដោយ CNA នាថ្ងៃទី៣០ ខែកញ្ញា។
អ្នកចាត់ការទូទៅ Bayern លោក Hans Flick បានលើកឡើងថា ដោយសារបញ្ហារបួសជង្គង់ ខ្សែបម្រើសញ្ជាតិអាល្លឹម៉ង់ Sane នឹងខកខានការប្រកួតដណ្តើមពានរង្វាន់បើករដូវកាលប្រចាំប្រទេស German-Super Cup ខណៈខ្សែការពារ David Alaba ក៏មិនទាន់ច្បាស់ថា អាចមានវត្តមានក្នុងជំនួបខ្លាំងប៉ះខ្លាំងនោះទេ ដោយរង់ចាំដល់ថ្ងៃប្រកួត ដែលកំពុងជួបបញ្ហាសាច់ដុំផងដែរ។
នេះក៏ជាជំនួបប្រកួតសងសឹកពីក្រុម Bayern Munich ដែលបានបរាជ័យក្នុងលទ្ធផល ២-០ ក្រោមថ្វីជើងគូប្រជែង Dortmund កាលពីរដូវកាលមុន។
គួររំលឹកផងថា Dortmund ជាក្រុមការពារតំណែងជើងឯករដូវកាលមុន គ្រាដែលក្រុមខ្លារខិន Bayern Munich ជាក្រុមជើងឯករងឆ្នាំ២០១៩ និងជាក្រុមការពារតំណែងជើងឯកលីគកំពូល Bundesliga 2019-2020 ដែលឈ្នះពានដល់ទៅ ៤ផ្សេងគ្នាត្រឹមឆ្នាំនេះ៕