(ភ្នំពេញ)៖ ថ្មីៗនេះ មានព័ត៌មានលេចឮជាច្រើនពីរឿងកំពុងរសើបមួយ ខណៈអ្នកនិពន្ធបទភ្លេងដ៏មានស្នាដៃម្នាក់ គឺលោក Tho Meet ត្រូវបានគេទម្លាយថា កំពុងតែសម្ងំជ្រកក្រោមទ្រំនំថ្មី ដែលជា ផលិតកម្មធំក្នុងប្រទេស គឺផលិតកម្មហង្សមាស។ ទោះបីជាយ៉ាងណា សម្រាប់ដំណឹងមួយនេះ ត្រូវបានប្រភពទម្លាយចេញពីផលិតកម្ម ហង្សមាស ប្រាប់ដល់ Fresh News Plus ថា តាមការពិតអ្នកនិពន្ធបទភ្លេង លោក Tho Meet បានចូលមកក្នុងទ្រនំហង្សមាសជាផ្លូវការហើយ។
ប្រភពព័ត៌មានពីផលិតកម្មហង្សមាស បានបញ្ជាក់ឲ្យ Fresh News Plus ដឹងថា អ្នកនិពន្ធបទភ្លេងដែលមិនសូវបញ្ចេញមុខ ប៉ុន្តែបានជួយតារាចម្រៀងឲ្យល្បីឈ្មោះ ជាច្រើននាក់លោក Tho Meet បានចាកចេញពីផលិតកម្មចាស់របស់ខ្លួន ដោយចូលទៅក្នុងផលិតកម្មហង្សមាសរួចហើយ ពោលគឺនៅតែថ្ងៃចេញបទចម្រៀងតែប៉ុណ្ណោះ។
យ៉ាងណាមិញប្រភពជិតស្និទ្ធនឹងលោក Tho Meet បានបង្ហើបប្រាប់ Fresh News Plus ថា «លោក Tho Meet ពិតជាបានចាកចេញពីផលិតកម្មចាស់ មកជ្រកក្នុងទ្រនំផលិតកម្មហង្សមាសពិតមែន ហើយមិនតែប៉ុណ្ណោះ លោកកំពុងតែសំងំផលិតបទចម្រៀង ឲ្យម្ចាស់ពាន I Am A Singer Cambodia រដូវកាលទី២ គឺកញ្ញា វី ឌីណែត ច្រៀងទៀតផង»។
ជាការកត់សម្គាល់ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញលោក Tho Meet កំពុងតែមានទំនាក់ទំនងល្អជាមួយតារាចម្រៀង និងអ្នកដឹកនាំនៅក្នុងផលិតកម្ម ហង្សមាសហើយ នេះទំនងជាសញ្ញាកាន់តែច្បាស់ ពីការចូលសាងស្នាដៃឲ្យផលិតកម្មមួយនេះផងដែរ៕