(ភ្នំពេញ)៖ តន់ ច័ន្ទសីម៉ា គឺជាតារាចម្រៀងស្រីវ័យក្មេងមួយរូប ទទួលបានប្រជាប្រិយភាពដាច់គេក្នុងឆ្នាំ២០២០នេះ ខណៈគ្រប់បទចម្រៀង Original របស់នាង ដែលបានបញ្ចេញក្នុងផលិតកម្ម Galaxy Navatra ក្នុងមួយបទៗសុទ្ធសឹងតែទទួលបានការគាំទ្រ ពីមហាជនយ៉ាងភ្លូកទឹកភ្លូកដី។ ជាពិសេសគិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២០នេះ តន់ ច័ន្ទសីម៉ា ក្លាយជាតារាចម្រៀងមានប្រជាប្រិយភាពបំផុត​ វ៉ាដាច់គេក្នុងប្រទេស ដោយមានអ្នកចូលទស្សនា បទចម្រៀងរបស់នាងសរុបរហូតដល់ទៅ ៣២៣.៧ លានដង ក្នុងបណ្ដាញយូធូប។

យោងតាមហ្វេសប៊ុកផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra បានឲ្យដឹងថា នេះជាប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងវិស័យសិល្បៈចម្រៀង ដែលតារាវ័យក្មេងម្នាក់ អាចទទួលបានការគាំទ្រលើសលប់ នៅក្នុងប្រទេសកម្ពុជា។ អ្វីដែលពិសេស បទចម្រៀងទាំងអស់របស់ តន់ ច័ន្ទស៊ីម៉ា គឺសុទ្ធសឹងតែជាប្រភេទ Original។ វាពិតជាអស្ចារ្យមែនទែន នៅក្នុងវិស័យសិល្បៈដែលអ្នកផលិតប្រចាំផលលិតកម្ម Galaxy Navatra អាចធ្វើបទ Original Song បានច្រើនសន្ធឹកសន្ធាប់ ហើយក៏ជាមោទនភាពមួយសម្រាប់វិស័យសិល្បៈ ចម្រៀងក្នុងប្រទេសកម្ពុជាផងដែរ។

ភាពរីកចម្រើននឹងភាពលេចធ្លោនៅប៉ុន្មានខែចុងក្រោយនេះ ធ្វើឲ្យវិស័យសិល្បៈផ្លាស់ប្ដូរយ៉ាងគំហុក ដែលធ្វើឲ្យប្រាក់ចំណូលរបស់អ្នកនិពន្ធបទភ្លេង, អ្នកនិពន្ធទំនុកច្រៀង និងអ្នកចម្រៀងរកចំណូលបានខ្ពស់ មិនធ្លាប់ទទួលបានពីមុនមក។

គួរជម្រាបថា តារាចម្រៀងស្រីកញ្ញា តន់ ច័ន្ទសីម៉ា មួយរយៈចុងក្រោយនេះ ត្រូវបានមហាជនសង្កេតឃើញថា ទទួលបានប្រជាប្រិយភាព និងការគាំទ្រកាន់តែខ្លាំង ពីសំណាក់ទស្សនិកជន ជាពិសេសរាល់គ្រប់បទចម្រៀងរបស់នាង ដែលចេញមក​ក្នុងផលិតកម្ម Galaxy Navatra គឺសុទ្ធតែពេញនិយមខ្លាំងពីមហាជន។ ទោះជាតារាចម្រៀងវ័យក្មេងទើបចូលប្រឡូកក្នុងពិភពចម្រៀងពិតមែន ប៉ុន្តែសន្ទុះនៃការបង្កើនប្រជាប្រិយភាពរបស់ តន់ ច័ន្ទសីម៉ា គឺមិនធម្មតាឡើយ៕