(ភ្នំពេញ)៖ លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) គឺជាការលើកទឹកចិត្ដដ៏មានតម្លៃសម្រាប់កីឡាករ-កីឡាការិនី និងគ្រូបង្វឹកគ្រប់សហព័ន្ធកីឡាជាតិ។
ការលើកឡើងនេះក្រោយសម្ដេចពិជ័យសេនា ទៀ បាញ់ អមដំណើរដោយលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC អញ្ជើញទស្សនកិច្ច និងត្រួតពិនិត្យការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ និងហេដ្ឋារចនាសម្ព័ន្ធរបស់សហព័ន្ធកីឡាជាតិជាង ២០ប្រភេទកីឡាក្នុងសប្ដាហ៍នេះ។
អគ្គលេខាធិការខាងលើបញ្ជាក់ថា «នេះគឺជាការលើកទឹកចិត្តដ៏ល្អបំផុតរបស់ថ្នាក់ដឹកនាំ CAMSOC អមដំណើរដោយថ្នាក់ដឹកនាំក្រសួងអប់រំ និង NOCC ដើម្បីជំរុញដល់កីឡាករ-កីឡាការិនី និងគ្រូបង្វឹកគ្រប់ប្រភេទកីឡា ពិសេសសម្ដេចពិជ័យសេនា ទៀត បាញ់ ដែលលោកចំណាយពេលវេលាធ្វើដំណើរទស្សនកិច្ចគ្រប់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិនេះ គឺជាការលើកទឹកចិត្តដ៏មានតម្លៃ សម្រាប់រូបខ្ញុំផ្ទាល់ ក៏ដូចជាកីឡាករ-កីឡាការិនី និងគ្រូបង្វឹកដទៃទៀត»។
ដោយឡែកពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធរបស់កីឡាកាយសម្ព័ន្ធវិញ ពិសេសផ្នែកទីលាន សហព័ន្ធបាននឹងកំពុងខិតខំបំពេញចំណុចខ្វះខាត បន្ទាប់ពីជំងឺកូវីដ-១៩ ស្ងប់ស្ងាត់។ លោកថា «ផ្នែកទីលាន គឺមានលក្ខណៈល្អប្រសើរក្នុងការហ្វឹកហាត់ តែបើឲ្យពេញលេញ គឺមិនទាន់ទេ តែក្នុងនាមអ្នកទទួលបន្ទុកបច្ចេកទេសជំនាញរបស់សហព័ន្ធ ឯកឧត្តមបណ្ឌិត ថោង ខុន ដែលជាប្រធាន តែងផ្ដល់ប្រសាសន៍ខិតខំរៀបបន្ដ ដើម្បីធ្វើឲ្យទីលានល្អប្រសើរ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣»។
ចុងក្រោយលោកបានអរគុណ ចំពោះថ្នាក់ដឹកនាំ CAMSOC ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ចំពោះសហព័ន្ធកីឡាជាតិ ពិសេសកីឡាករ-កីឡាការិនី និងគ្រូបង្វឹក។ លោកថា «នេះគឺជាការបង្ហាញឲ្យឃើញថ្នាក់ដឹកនាំទាំងអស់ ក្នុងនាមរាជរដ្ឋាភិបាល លោកបានយកចិត្តទុកដាក់ ទោះបីពេលវេលាយ៉ាងម៉េច ក៏លោកនៅតែព្យាយាមចុះពិនិត្យគ្រប់សហព័ន្ធ ដើម្បីពិនិត្យស្ថានភាពហ្វឹកហាត់ជាក់ស្ដែងរបស់កីឡាករ-កីឡាការិនី»៕