(បរទេស)៖ យោងតាមអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង បានបង្ហាញរបាយការណ៍ឱ្យពិភពលោកបានដឹងថា នាពេលបច្ចុប្បន្ននេះ ប្រទេសដែលរឹតត្បិតសេរីភាពអ៉ីនធើណេតខ្លាំងជាងគេ គឺមានចំនួន៣១ប្រទេស ក្នុងនោះមហាយក្សចិនឈរលើចំណាត់ថ្នាក់ខ្ពស់ជាងគេបំផុត ខាងបិទសេរីភាពប្រើប្រាស់ប្រព័ន្ធអ៉ីនធើណេតនេះ។
តាមរយៈរបាយការណ៍របស់អង្គការ RSF បានឱ្យដឹងថា ប្រទេសដែលរឹតត្បិតសេរីភាពអ៉ីនធើណេតទាំង ៣១ នោះរួមមាន៖
* ក្រុមប្រទេសដែលប្រឆាំងខ្លាំងនឹងការប្រើប្រាស់ប្រព័ន្ធអ៉ីនធើណេតមាន៖ ប្រទេសចិន បារ៉ែន បេឡារុស គុយបា អេត្យូពី ឥណ្ឌា អ៉ីរ៉ង់ កូរ៉េខាងជើង ប៉ាគីស្ថាន រុស្ស៉ី អារ៉ាប៊ីសាអូឌីត ស៊ូដង់ ស៉ីរី តួកមេនីស្ថាន អេមីរ៉ាតអារ៉ាប់រួម ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ឧបេគីស្ថាន និងវៀតណាម។
* ក្រុមប្រទេសដែលតាមដានការប្រើប្រាស់អ៉ីនធើណេតរបស់អ្នកប្រើប្រាស់មាន៖ ប្រទេសអូស្ត្រាលី អេហ្សីប អេរីទ្រា (Eritrea) បារាំង កាហ្សាក់ស្ថាន ម៉ាឡេស៉ី កូរ៉េខាងត្បូង ស្រីលង្កា ថៃ ទុយនេស៉ី តួកគី និងន័រវែស។
ក្នុងចំណោមក្រុមប្រទេសទាំងនេះ មានប្រទេសខ្លះបានចាត់វិធានការរឹតត្បិតសេរីភាពនៃការប្រើប្រាស់អ៉ីនធើណេតនេះ តាំងពីឆ្នាំ២០០៦ ប្រទេសខ្លះតាំងពីឆ្នាំ២០០៨ និងឆ្នាំបន្តបន្ទាប់ទៀតរហូតមកដល់ពេលបច្ចុប្បន្ន។
ក្នុងចំណោមប្រទេសទាំង ៣១ ខាងលើនោះ ប្រទេសចិនជាសត្រូវជើងខ្លាំងជាងគេទៅនឹងការប្រើប្រាស់អ៉ីនណេត។ ការចាត់វិធានការរបស់រដ្ឋអំណាចទីក្រុងប៉េកាំង គឺដោយសារមូលហេតុនយោបាយ និងការពាក់ព័ន្ធនឹងរឿងរសើបៗរបស់សង្គមជាតិ។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ គឺក្រុមហ៊ុនបណ្ដាញសង្គមរបស់ប្រទេសលោកខាងលិចជាច្រើន រួមទាំង Facebook, Google, Twitter ជាដើម គឺសុទ្ធតែជាប់បម្រាមក្នុងប្រទេសចិន៕