(ភ្នំពេញ)៖ ក្រុមហ៊ុន អ៉ីដតខូ ខេមបូឌា ជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ជូនសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅកម្ពុជា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ បានបង្ហាញពីការប្តេជ្ញាចិត្តចំពោះអនាគតនៃពិភពបៃតងប្រកបដោយនិរន្តរភាពជាថ្មីម្តងទៀត ជាមួយនឹងគំនិតផ្តួចផ្តើមនៃការកាត់បន្ថយការបញ្ចេញកាបូនទៅក្នុង បរិយាកាសតាមរយៈការដាំកូនឈើចំនួន៥០០ដើម នៅក្នុងខេត្តកែប ដែលជាកិច្ចខិតខំប្រឹងប្រែងមួយស្របតាមកម្មវិធីឆ្ពោះទៅរកពិភពពណ៌បៃតងរបស់ក្រុមហ៊ុន។
កម្មវិធីដាំកូនឈើក្នុងខេត្តកែបនេះមានអ្នកចូលរួមចំនួន ២២០នាក់ ក្នុងនោះក៏មានការចូលរួមពីលោក ភូ លិ អភិបាលរងខេត្តកែប, លោកស្រី ទិត សុខា អភិបាលក្រុងកែប បុគ្គលិកក្រុមហ៊ុន អ៉ីដតខូ ខេមបូឌា តំណាងក្រុមប្រឹក្សាខេត្ត សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាយរិទ្ធិ យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្សជាច្រើននាក់ទៀត។
លោក Phillip Wong នាយកប្រចាំតំបន់អាស៊ានប៉ែកខាងជើង (Asean North) នៃក្រុមហ៊ុន អ៉ីដតខូ គ្រុប បានឱ្យដឹងថា និរន្តរភាពមិនត្រឹមតែជាទំនួលខុសត្រូវក្នុងសង្គម ទាំងអស់គ្នាប៉ុណ្ណោះទេ វាក៏ជាកម្លាំងចលករមួយដ៏ប្រសើរ និងសំខាន់មិនអាចខ្វះបានសម្រាប់អាជីវកម្មផងដែរ ព្រោះវាបានចូលរួមចំណែកក្នុងការបង្កើនប្រសិទ្ធភាព និងការប្រកួតប្រជែងជាទូទៅរបស់អង្គភាពមួយ។
ការខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយ នៃការបំភាយឧស្ម័នកាបូននាពេលបច្ចុប្បន្ន របស់ក្រុមហ៊ុន អ៉ីដតខូ រួមជាមួយនឹងការអនុវត្តវិស្វកម្មបៃតងរបស់ក្រុមហ៊ុននេះអាចធានា បាននូវភាពរីកចម្រើនក្នុងការធ្វើអាជីវកម្ម និងដំណោះស្រាយក្នុងសម័យទំនើបដោយមិនបានធ្វើឲ្យប៉ះពាល់ដល់បរិស្ថានឡើយ។ អ៉ីដតខូ នៅតែបន្តចូលរួមចំណែក ក្នុងការបង្កើតភាពវិជ្ជមានចំពោះបរិស្ថាន ដោយមានបំណងកំណត់គោលដៅសម្រាប់ការធ្វើប្រតិបត្តិការវិស្វកម្មបៃតង នៅក្នុងឧស្សាហកម្មហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍នេះផងដែរ។
ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់ខ្លួនចំពោះវិស្វកម្មបៃតង ក្រុមហ៊ុន អ៉ីដតខូ បានដាក់ចេញនូវវិធានការផ្សេងៗគ្នា និងដាក់ពង្រាយដំណោះស្រាយប្រកបដោយ ភាពច្នៃប្រឌិត និរន្តរភាព និងប្រសិទ្ធភាពដើម្បីកាត់បន្ថយការបំភាយកាបូន។ វិធីសាស្រ្តទាំងនោះរួមមាន ការកាត់បន្ថយការប្រើប្រាស់ដែកសម្រាប់ផលិតបង្កោលអង់តែន និងការប្រើប្រាស់វត្ថុធាតុដើមមកជំនួសដែកដោយប្រើប្រាស់ carbon fiber ឫស្សី រួមនឹងការប្រើប្រាស់ថាមពលកកើតឡើងវិញដើម្បីផ្តល់ថាមពលដល់ទីតាំងនានាជាដើម។
លោក ភូ លិ បានឱ្យដឹងដែរថា បរិស្ថានពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ជីវិតនៅលើភពផែនដី។ សម្រាប់មនុស្សជាតិ សួតរបស់យើងមួយចំហៀង គឺផ្ញើនៅលើ ដើមឈើ ដូច្នេះយើងត្រូវតែរួមគ្នាថែរក្សាបរិស្ថាន ហើយនាថ្ងៃអនាគតនឹងរក្សានិរន្តរភាពព្រៃឈើដែលគ្របដណ្តប់ទៅដោយបរិស្ថានល្អ ទើបធ្វើឱ្យយើងមានសុខភាពល្អ ក៏ដូចជាមានធនធានប្រកបទៅដោយសក្តានុពលនៅក្នុងសហគមន៍របស់យើង។
លោកបានបន្ថែមថា នៅទូទាំងតំបន់ប្រតិបត្តិការរបស់ក្រុមហ៊ុន អ៉ីដតខូ បាននឹងកំពុងផ្តល់ជូននូវដំណោះស្រាយដ៏ចាំបាច់ប្រកបដោយភាពច្នៃប្រឌិត មិនប៉ះពាល់ ដល់បរិស្ថាន និងសន្សំសំចៃដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យហេដ្ឋរចនាសម្ព័ន្ធទូរគមនាគមន៍ (ecosystem) ក្នុងគោលបំណងឲ្យក្រុមហ៊ុនអាជីវកម្មទាំងឡាយ អាចចាប់យកឱកាស ដើម្បីកំណើនថ្មីៗបន្ថែមទៀតតាមរយៈការគ្រប់គ្រងប្រកបដោយការទទួលខុសត្រូវផ្នែកបរិស្ថានប្រកបដោយចីរភាពរបស់អ៉ីដតខូ។
សូមបញ្ជាក់ថា ក្រុមហ៊ុន អ៉ីដតខូ (ខេមបូឌា) ជាក្រុមហ៊ុនឯករាជ្យមួយ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣។ បច្ចុប្បន្ន ក្រុមហ៊ុន អ៉ីដតខូ (ខេមបូឌា) កំពុងពង្រីកប្រតិបត្តិការ របស់ខ្លួន ហើយរហូតមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុននេះគ្រប់គ្រងនិងប្រតិបត្តិការដោយផ្ទាល់ លើបង្គោលអង់តែនចំនួន ៣៧០០បង្គោលនៅទូទាំងប្រទេសកម្ពុជា៕