(អាមេរិក)៖ ម្ចាស់ពានរង្វាន់អូស្ការ និងជាអ្នកដឹកនាំភាពយន្តល្បីឈ្មោះ លោក Jemes Cameron, លោក Clint Eastwood និង លោក Martin Scorsese សុទ្ធសឹងជាអ្នកដឹកនាំរឿងល្បីៗ បានជួបប្រជុំពិភាក្សាគ្នាជាមួយម្ចាស់រោងភាពយន្ត នៅថ្ងៃពុធម្សិលមិញ ដើម្បីស្នើសុំជំនួយហិរញ្ញវត្ថុ ក្នុងគោលបំណងធានាពីអនាគតវិស័យភាពយន្តរបស់អាមេរិក ត្បិតបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺរាតត្បាតកូវីដ១៩។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០។

នៅក្នុងលិខិតមួយដាក់ទៅកាន់សភាទាំងពីរថ្នាក់របស់អាមេរិក, អ្នកដឹកនាំរឿងល្បីៗទាំងនោះ បាននិយាយថា ជំងឺរាតត្បាតកូវីដ១៩ បានជះផលអាក្រក់ជាខ្លាំងទៅលើដំណើរការរោងភាពយន្ត ហើយបើគ្មានមូលនិធិនោះទេ វិស័យភាពយន្តទាំងមូលនឹងមិនអាចរស់រានមានជីវិតឡើយ។

ក្នុងលិខិតនោះ គឺត្រូវបានចុះហត្ថលេខាដោយផ្ទាល់ ពីសំណាក់អ្នកផលិតនិងអ្នកដឹកនាំរឿងល្បីៗជាង៧០នាក់ រួមជាមួយនឹងសមាគមរោងភាពយន្តជាច្រើនទៀត។

ជាការកត់សម្គាល់ ការរាតត្បាតជំងឺកូវីដ១៩ បានបង្ខំឲ្យរោងកុនផ្អាកដំណើរការតាំងពីពាក់កណ្តាលខែមីនាមកម្ល៉េះ។ តែយ៉ាងណា បច្ចុប្បន្ននេះមានរោងភាពយន្តមួយចំនួនបានបើកដំណើរការឡើងវិញ ដោយកំណត់ចំនួនអ្នកចូលទស្សនាដូចជារោងកុន «AMC» និង រោងកុន «Cineworld Plc’s Regal Cinemas» ជាដើម ខណៈដំណើរការបើកឡើងវិញនេះ គឺនៅតែទីក្រុងមួយចំនួននៃសហរដ្ឋអាមេរិក ដែលមិនសូវគំរាមគំហែងពីកូវីដ១៩ប៉ុណ្ណោះ តែសម្រាប់ទីក្រុងធំៗដូចជា Los Angeles និង New York នៅមិនទាន់ដំណើរការឡើយ។

គួរជម្រាបថា ក្នុងលិខិតដែលដាក់ទៅកាន់សភាទាំងពីរថ្នាក់របស់អាមេរិកនោះ បានសង្កត់ធ្ងន់ថា រោងភាពយន្តធុនតូច និងកណ្តាល នឹងបង្ខំដាក់ពាក្យសុំក្ស័យធន ឬបិទជាអចិន្ត្រៃយ៍ ប្រសិនបើគ្មានជំនួយហិរញ្ញវត្ថុ៕