(ភ្នំពេញ)៖ Liquid Group ដែលជាក្រុមហ៊ុនបណ្តុំសេវា ទូទាត់តាមទូរស័ព្ទចល័តក្នុងតំបន់ ហើយមានទីស្នាក់ការកណ្តាល នៅប្រទេសសិង្ហបុរី នឹងចាប់ដៃគូ ជាមួយធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា ដើម្បីជំរុញការទូទាត់តាម QR កូដ នៅប្រទេសកម្ពុជា។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយក នៃធនាគារឯកទេស វីង បានថ្លែងថា «យើងមានការរំភើប និងពិតជាទន្ទឹងរងចាំការសហការ ជាមួយ Liquid Group ដែលជាអ្នកផ្តល់បណ្តុំ នៃសេវាកម្មទូទាត់ប្រាក់តាម QR កូដឈានមុខគេមួយ»

លោកបន្ដថា ការសហការនេះ ឆ្លុះបញ្ចាំងពីវិធីសាស្រ្តរបស់យើង ក្នុងការផ្តល់នូវភាពងាយស្រួល នៃការទទួលបានសេវាហិរញ្ញវត្ថុ តាមទូរស័ព្ទចល័ត ដែលមានសុវត្ថិភាព មានការការពារ និងឆាប់រហ័សដល់អតិថិជនគ្រប់រូបតាមរយៈប្រព័ន្ធហិរញ្ញវត្ថុ និងដៃគូដ៏រឹងមាំរបស់យើង នៅក្នុងតំបន់។ ធនាគារឯកទេស វីង តែងតែខិតខំប្រឹងប្រែង ក្នុងការស្វែងរកអ្វីថ្មីៗបន្ថែមទៀត សម្រាប់អតិថិជនរបស់យើង។

ជាមួយនឹងភាពជាដៃគូនេះ Liquid Group និងធនាគារឯកទេស វីង នឹងគាំទ្រដល់ការប្រើប្រាស់មធ្យោយបាយទូទាត់ ការចំណាយជាមួយ QR កូដ រវាងអតិថិជន និងអាជីវករ តាមរយៈការអនុញ្ញាតឲ្យដៃគូពាណិជ្ជកម្មរបស់វីង នៅទូទាំងប្រទេសកម្ពុជា ទទួលយកការទូទាត់តាមកម្មវីធីទូរស័ព្ទ ដែលមាន QR កូដរបស់ក្រុមហ៊ុន Liquid Group និងដៃគូរបស់ខ្លួន។ ភាពជាដៃគូនេះ ក៏នឹងជួយបង្កើនចំនួនដៃគូអាជីវករ នៅក្រៅប្រទេសរបស់ Liquid Group ឲ្យមានកាន់តែច្រើនថែមទៀត។

បង្កើតឡើងក្នុងឆ្នាំ ២០០៩ ធនាគារឯកទេស វីង គឺជាស្លាកសញ្ញាពាណិជ្ជកម្មមួយ ដែលត្រូវបានគេទទួលស្គាល់ និងទុកចិត្តបំផុតមួយ នៅក្នុងទីផ្សារសេវាទូទាត់ប្រាក់តាមទូរស័ព្ទ និងអេឡិចត្រូនិចដែលមានបណ្តាញភ្នាក់ងារវីងជាង ៨,០០០ កន្លែងនៅទូទាំងប្រទេស ដែលបំរើជូនអតិថិជន៥លាននាក់ នៅក្នុងប្រទេសកម្ពុជា។

លោក Jeremy Tan ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Liquid Group បានថ្លែងថា «បន្ទាប់ពីការបង្កើតនូវសមាហរណកម្មបណ្តាញទូទាត់តាមតំបន់ របស់យើងគឺ XNAP នៅឆ្នាំ២០១៩ យើងមានក្តីរំភើបក្នុងការឈានចូលឆ្នាំទី២ នៃការបើកច្រកថ្មី នៅទូទាំងតំបន់ដើម្បីសម្រួលដល់ការទូទាត់តាម QR កូដឆ្លងដែន ជាលក្ខណៈអន្តរជាតិ នៅក្នុងប្រទេសសិង្ហបុរី ហុងកុង ឥណ្ឌូនេស៊ី ហ្វីលីពីន តៃវ៉ាន់ ថៃ ហើយនាពេលឥឡូវនេះ នៅក្នុងប្រទេសកម្ពុជា»

លោកបន្ដថា «យើងរីករាយក្នុងការធ្វើជាដៃគូជាមួយវីង ដែលជាជាអ្នកផ្តល់សេវាកម្មធនាគារតាមទូរស័ព្ទចល័តដំបូងគេនៅកម្ពុជា ហើយអនុញ្ញាតឲ្យយើងគាំទ្រ ដល់បរិយាប័នហិរញ្ញវត្ថុ ទៅកាន់អ្នកមិនមានគណនីធនាគារ និងមិនស្ថិត ក្នុងបណ្តាញធនាគារ ស្របជាមួយគោលដៅរបស់យើង ក្នុងការអភិឌ្ឍសង្គមមួយ ដែលមិនចាំបាច់ប្រើប្រាស់ក្រដាស់ប្រាក់ នៅទូទាំងតំបន់»

Liquid Group ក៏នឹងធ្វើជាដៃគូជាមួយធនាគារឯកទេស វីង ដើម្បីផ្តល់ជូននូវសេវាកម្ម ដែលមានគុណតម្លៃបន្ថែម ប្រកបដោយភាពច្នៃប្រឌិត ដល់អតិថិជនរបស់ពួកគេ តាមរយៈសមាហរណកម្ម នៃការទូទាត់ប្រាក់ឆ្លងប្រទេស និងវេទិកាទីផ្សារសម្រាប់ដៃគូ៕