(អាមេរិក)៖ នៅប៉ុន្មាននាទីមុននេះ កម្មវិធី និងសេវាកម្ម Microsoft Outlook បានគាំងមិនដំណើរការនៅជុំវិញពិភពលោក ដោយមិនដឹងពីមូលហេតុច្បាស់លាស់។
ក្រុមហ៊ុន Microsoft បានប្រកាសនៅលើប្លក់ផ្លូវការផ្ទាល់ខ្លួនថា Microsoft Outlook ពិតជាមានបញ្ហាមែន ដោយក្នុងនោះ អ្នកប្រើប្រាស់មិនអាចផ្ញើ និងទទួលសារបាននៅជុំវិញពិភពលោក មិនថាប្រើនៅលើទូរស័ព្ទ ឬកុំព្យូទ័រនោះទេ។
ក្រុមហ៊ុន Microsoft បានបញ្ជាក់បន្ថែមទៀតថា នៅពេលនេះខ្លួនកំពុងតែធ្វើការស៊ើបអង្កេត ទៅលើករណីគាំងកម្មវិធី Outlook នេះ ហើយពេលនេះក៏មិនទាន់អាចបញ្ជាក់បានផងដែរថា វាបានប៉ះពាល់អ្វីខ្លះនោះទេ។
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ កម្មវិធី Microsoft Office 365 ត្រូវបានគេ Hack និងបណ្ដាលឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ជាច្រើនផងដែរ៕