(ភ្នំពេញ)៖ លោក គឹម ភក្ដី គ្រូបង្វឹកបណ្ដោះអាសន្នរបស់បឹងកេតបានប្រកាន់ជំហរចាស់ មិនចង់ក្លាយជាគ្រូបង្វឹកពេញសិទ្ធិរបស់ក្រុមនាគខៀវនេះឡើយ ទោះលោកដឹកនាំក្រុមមិនទាន់ស្គាល់ចាញ់ និងកំពុងឈរកំពូលតារាងក៏ដោយ។ លើសពីនេះ លោកបានជំរុញថ្នាក់ដឹកនាំក្លិបក្នុងការស្វែងរកគ្រូបង្វឹកថ្មី ដែលមានសមត្ថភាព ដើម្បីបង្កើនការអភិវឌ្ឍឲ្យកាន់តែខ្លាំងទៀត។
ការអះអាងនេះប្រៀបបាននឹងការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក បែ មករា អគ្គលេខាធិការក្លិបបឹងកេតកាលពីពេលថ្មីៗ ដែលបានបង្ហើបពីគោលបំណងចង់ឲ្យលោក គឹម ភក្ដី បន្ដធ្វើជាគ្រូបង្វឹក ដ្បិតក្លិបមើលឃើញសមត្ថភាព និងការដឹកនាំដ៏ល្អរបស់លោក។ តែយ៉ាងណាក្លិបមានមូលដ្ឋាននៅបឹងស្នោរនេះ នៅតែគោរពការសម្រេចចិត្តរបស់គ្រូកម្រិត A-License នេះដដែល។
លោក គឹម ភក្ដី និយាយថា «បើសិនជាមានគ្រូកម្រិតខ្ពស់ជាងខ្ញុំមកដឹកនាំ យើងកាន់តែមានការប្រែប្រួល ដោយសារបាល់ទាត់ ជាប្រភេទកីឡាដែលប្រែប្រួលគ្រប់ពេលវេលា គ្រប់កាលៈទេសៈ ហើយខ្ញុំក៏មិនមែនជាគ្រូល្អអីដែរ ខ្ញុំធ្វើការទៅតាមបែបផែននៃបាល់ទាត់ប៉ុណ្ណោះ។ បើមានឱកាស ខ្ញុំនៅតែទទូចរកគ្រូដែលល្អ ដើម្បីអភិវឌ្ឍកីឡាករ ហើយមើលការប្រកួតដ៏ធំមួយសម្រាប់ជាតិ និងថ្នាក់តំបន់។ ដូច្នេះយើងត្រូវការជំរុញក្លិបយើងកាន់តែកើនប្រជាប្រិយភាព កីឡាករកាន់តែកើនសមត្ថភាព វាជាជោគជ័យរួម»។
ម្ចាស់ពានគ្រូបង្វឹកល្អ ២ខែជាប់គ្នាខាងលើសង្កត់ធ្ងន់ថា «ខ្ញុំមិនមានគំនិតអាត្មានិយម គិតថាខ្ញុំគ្រប់គ្រាន់អីទេ។ អ្វីដែលសំខាន់ គឺបាល់ទាត់ជាតិរីកចម្រើន វាជាអ្វីដែលខ្ញុំរំពឹងទុក ហើយខ្ញុំក៏នៅតែធ្វើការងារក្លិប ក្នុងនាមការងារផ្សេងដដែល ការងារអភិវឌ្ឍន៍យុវជនជាដើម។ ចឹងបើសិនជាអាចក្លិបគួរតែរកគ្រូបង្វឹកកម្រិតខ្ពស់ គេហៅថាបាល់ទាត់ទំនើប ដែលធ្វើឲ្យយើងមានការរៀនសូត្រ និងរីកចម្រើនទាំងអស់គ្នា។ ហើយខ្ញុំមិនមានគំនិតមកកាន់តួនាទីជាគ្រូ ទោះបីមានលទ្ធផលល្អយ៉ាងណា តែខ្ញុំនៅតែរក្សាគំនិតខ្ញុំដដែល»។
សូមបញ្ជាក់ថា លោក គឹម ភក្ដី ត្រូវបានក្លិបបឹងកេត តែងតាំងជាគ្រូបង្វឹកបណ្ដោះអាសន្ន កាលពីដើមខែមិថុនា ក្រោយការចាកចេញរបស់លោក APISIT IM AMPHAI ហើយលោកបានជួយក្រុមនាគខៀវនេះ ឈរកំពូលតារាងលីគកំពូលកម្ពុជា ឆ្នាំ២០២០ ដោយមាន ៣៧ពិន្ទុ អមនូវកំណត់ត្រាមិនទាន់ស្គាល់ចាញ់សូម្បី ១ប្រកួតឡើយ បន្ទាប់ពីឆ្លងកាត់ ១៥ប្រកួត ឈ្នះ១១ និងស្មើ៤។ បច្ចុប្បន្នបឹងកេត នៅសល់ ២ប្រកួតក្នុងដៃ ដោយត្រូវជួបក្រុមកងយោធពលខេមរភូមិន្ទ និងក្រុមភ្នំពេញក្រោននាពេលឆាប់ៗខាងមុខ៕