(អង់គ្លេស)៖ តារាចម្រៀងវ័យក្មេង និងជាតារាយូធូប លោក HRVY ដែលមានឈ្មោះពេញថា Harvey Leigh Cantwell បច្ចុប្បន្នជាបេក្ខភាពក្នុងកម្មវិធីសម្តែង «Strictly Come Dancing» បានធ្វើតេស្តរកឃើញជំងឺកូវីដ១៩ ជាង១០ថ្ងៃមុនពេលឡើងសម្តែងក្នុងកម្មវិធីនេះ។ តែយ៉ាងណា តារាវ័យក្មេងរូបនេះ មិនមានចេញរោគសញ្ញាអ្វីធ្ងន់ធ្ងរឡើយ ហើយកំពុងធ្វើចត្តាឡីស័ក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Guardian នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០។
តារាវ័យ២១ឆ្នាំរូបនេះ បានប្រកាសលើបណ្តាញសង្គម Instagram ផ្ទាល់ខ្លួនទៅកាន់អ្នកគាំទ្រចំនួន ៤.៥ លាននាក់ថា លោកបានរកឃើញវត្តមានចំពោះជំងឺកូវីដ១៩ ទាំងមិនមានរោគសញ្ញាអ្វីទាំងអស់ ខណៈបច្ចុប្បន្នគឺគ្រាន់តែធ្វើចត្តាឡីស័ក រយៈពេល១០ថ្ងៃបន្ថែមទៀតប៉ុណ្ណោះ។
ជាការកត់សម្គាល់ បេក្ខភាពក្នុងកម្មវិធី «Strictly Come Dancing» បានធ្វើតេស្តរកជំងឺកូវីដ១៩ពីរបីដងមកហើយក្នុងសប្តាហ៍នេះ ខណៈការធ្វើតេស្តលើកដំបូង គឺធ្វើឡើងនៅថ្ងៃច័ន្ទសប្តាហ៍នេះ ដោយបានបង្ហាញថាតារាចម្រៀង Harvey Leigh Cantwell មានឆ្លងជំងឺកូវីដ១៩មុនគេ។
យ៉ាងណាមិញ ក្រុមការងាររបស់ទូរទស្សន៍ BBC ក៏បានចេញមកបញ្ជាក់ផងដែរថា សមាជិកនៃកម្មវិធី «Strictly Come Dancing» របស់ខ្លួនពិតជាត្រូវបានរកឃើញមានឆ្លងជំងឺកូវីដ១៩មែន។
គួរជម្រាបថា នៅពេល Harvey Leigh Cantwell ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ការណាត់ជួបគ្នាសម្រាប់ថតទុកមុន របស់សិល្បៈឆ្នាំនេះ ជាមួយអ្នកជំនាញផ្នែករាំ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១២ ខែតុលា សម្រាប់កម្មវិធី «Strictly Come Dancing» ត្រូវបានលើកពេល ទៅថ្ងៃទី១៧ខែតុលាវិញម្តង។ បច្ចុប្បន្ននេះ បេក្ខភាពដែលត្រូវចូលរួមកម្មវិធី «Strictly Come Dancing» ទាំងអស់ គឺត្រូវទៅធ្វើតេស្តរកកូវីដ១៩ជាមុនសិន ខណៈការផ្សាយផ្ទាល់ការសម្តែងក្នុងកម្មវិធីនេះ នឹងធ្វើឡើងនៅថ្ងៃទី២៤ ខែតុលាខាងមុខ៕