(ក្រិក)៖ ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុង Athens Marathon ឆ្នាំ២០២០ ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី៧-៨ ខែវិច្ចិកាខាងមុខនោះ ត្រូវបានលុបចោលវិញ ដោយសារតែការរីករាលដាល នៃជំងឺ COVID-19, នេះបើតាមការបញ្ជាក់ពី សហព័ន្ធអត្តពលកម្មក្រិក (SEGAS) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២០នេះ។

សហព័ន្ធអត្តពលកម្មក្រិក បានបញ្ជាក់ថា អ្នករត់ប្រណាំង ដែលបានចុះឈ្មោះ អាចរក្សាប្រាក់នោះ សម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍ នាឆ្នាំក្រោយ ឬក៏អាចដកយកប្រាក់វិញបាន។

សហព័ន្ធបានបន្ថែមថា «យើងមានសុទិដ្ឋិនិយមថា បន្ទាប់ពីការរីករាលដាលនេះចប់ យើងនឹងរត់ជាមួយគ្នា នៅក្នុងការប្រកួតរបស់យើង នាឆ្នាំ២០២១ខាងមុខ»។

សូមបញ្ជាក់ថា ការរត់ប្រណាំងនេះ បានទាក់ទាញអ្នកចូលរួមប្រកួត ចំនួន៤៣.០០០នាក់ ក្នុងឆ្នាំ២០១៥ ដែលក្នុងនោះ១៦.០០០នាក់ រត់រយៈចម្ងាយ ជាង៤២ គីឡូម៉ែត្រ៕