(អ៉ីតាលី)៖ ខ្សែបម្រើជនជាតិប៉ូឡូញរបស់ក្លិបបាល់ទាត់ Napoli កីឡាករ Piotr Zielinski ត្រូវបានគេរកឃើញថា មានភាពវិជ្ជមាន នៃវីរ៉ុស COVID-19, នេះបើតាមការបញ្ជាក់ពីក្លិប ដែលស្ថិតក្នុងលំដាប់សេរី A របស់អ៉ីតាលីមួយនេះ ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២០។

ការរកឃើញនេះ បានកើតឡើង៥ថ្ងៃ បន្ទាប់ពីក្លិបបានធ្វើជាម្ចាស់ផ្ទះប្រកួតជាមួយក្រុម Genoa ដែលរកឃើញមានករណីឆ្លងជាច្រើននោះ។

ក្លិប Napoli បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា សមាជិកបុគ្គលិកម្នាក់ ក៏ត្រូវបានគេរកឃើញថា មានភាពវិជ្ជមាននៃវីរ៉ុសផងដែរ នៅក្នុងការធ្វើតេស្តជុំទី១ ដែលបានធ្វើឡើងនៅថ្ងៃព្រហស្បត្តិ៍។

ស្ថិតក្រោមពិធីការសុខភាពរបស់ក្លិបសេរី A, កីឡាករ Zielinski ត្រូវតែរស់នៅដាច់ដោយឡែកពីគេ ហើយនឹងខកខានការប្រកួតជាមួយក្លិប Juventus នៅថ្ងៃអាទិត្យខាងមុខ។

ក្លិប Napoli នឹងមានជុំធ្វើតេស្តបន្ថែមទៀត មុនពេលធ្វើដំណើរទៅកាន់ទីក្រុង Turin សម្រាប់ការប្រកួត នៅថ្ងៃអាទិត្យខាងមុខ។ ក្លិបបានឲ្យដឹងដែរថា ពួកគេបានផ្អាកការហ្វឹកហាត់ រហូតដល់ថ្ងៃចន្ទ៕