(អាមេរិក)៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានបង្ហាញនៅថ្ងៃសុក្រនេះថា ក្រុមហ៊ុនផលិតរថយន្តដើរដោយថាមពលអគ្គីសនី របស់សហរដ្ឋអាមេរិកនេះ នឹងចូលទៅកាន់ទីផ្សារប្រទេសឥណ្ឌា នៅឆ្នាំ២០២១ខាងមុខ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២០នេះ។

លោក Musk បានលើកឡើងនៅក្នុង Twitter ថា «ពិតប្រាកដណាស់គឺឆ្នាំក្រោយ, ឥណ្ឌា ចង់បាន Tesla, អរគុណសម្រាប់ការរង់ចាំ»។

ការចូលទៅកាន់ទីផ្សារឥណ្ឌា របស់ក្រុមហ៊ុន Tesla អាចនឹងកើតឡើងចំពេលដែលលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi កំពុងតែជម្រុញឲ្យបង្កើនការប្រើប្រាស់ និងផលិតរថយន្តដើរដោយថាមពលអគ្គីសនី។

វិស័យរថយន្តរបស់ឥណ្ឌា បានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារជំងឺ COVID-19 ហើយក្រុមហ៊ុនផលិតរថយន្ត បាននឹងកំពុងស្វែងរកការគាំទ្រ ពីរដ្ឋាភិបាល ដើម្បីជម្រុញការលក់៕