(វ៉ាស៊ីនតោន)៖ នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg និងនាយកប្រតិបត្តិក្រុមហ៊ុន Twitter លោក Jack Dorsey បានយល់ព្រម ចូល ខ្លួនធ្វើសក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការព្រឹទ្ធសភាអាមេរិកនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០២។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០។
កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ គណៈកម្មាធិការព្រឹទ្ធសភាអាមេរិក បានបោះឆ្នោតជាឯកច្ឆន្ទដើម្បីអនុម័តផែនការមួយ ដើម្បីកោះហៅប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន Twitter, Google និង Facebook ដើម្បីបើកសវនាការលើ «អភ័យឯកសិទ្ធិស្របច្បាប់» ដែលទទួលបានដោយក្រុមហ៊ុនអ៊ីនធឺណិត។
គោលដៅដែលគណៈកម្មាធិការព្រឹទ្ធសភាអាមេរិក កោះហៅនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងនេះ ដោយសារតែការបោះឆ្នោតជ្រើសរើសប្រធានាធិបតី សហរដ្ឋអាមេរិកបានខិតជិតមកដល់ ហើយគណៈកម្មាធិការព្រឹទ្ធសភាអាមេរិក មានការព្រួយបារម្ភថា លទ្ធផលនៃការបោះឆ្នោតអាចនឹងមានភាពមិនប្រក្រតី បើសិន ណាមិនទប់ស្កាត់ការផ្សព្វផ្សាយពាក់ព័ន្ធនឹងការបោះឆ្នោតនៅលើបណ្ដាញសង្គមទាំងនេះ។
កាលពីសប្ដាហ៍មុននេះ បណ្ដាញសង្គម Facebook និង Google បានចេញសេចក្ដីប្រកាស មិនអនុញ្ញាតឱ្យមានការផ្សព្វផ្សាយដែលពាក់ព័ន្ធនឹងការបោះឆ្នោតនៅអាមេរិកឡើយ ខណៈដែលច្បាប់មួយនេះត្រូវបាន Twitter អនុវត្តតាំងពីឆ្នាំមុនមកម្លេះ៕