(លីវើភូល)៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា កីឡាករនៃក្លិបហង្សក្រហម Liverpool ខ្សែប្រយុទ្ធ Sadio Mane បានតេស្តវិជ្ជមានលើវីរុសឆ្លងCOVID-19 នឹងត្រូវបានផ្តាច់ខ្លួនចេញពីក្រុមការងារដោយត្រូវស្នាក់នៅដាច់ដោយឡែក ខណៈនេះជាព័ត៌មានមួយបន្ទាប់ពីរយៈពេល ៣ថ្ងៃដែលក្លិបបានប្រកាសថាកីឡាករ Thiago Alcantara តេស្តវិជ្ជមានវីរុសខាងលើនេះ។
ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់ Mane ជាកីឡាករទី២ របស់ក្លិប Liverpool ដែលឆ្លងវីរុស COVID-19 បន្ទាប់ពីមិត្តរួមក្រុម Thaigo ខណៈរូបគេបានចេញរោគសញ្ញាតិចតួចប៉ុណ្ណោះនឹងមានអារម្មណ៍ល្អប្រសើជាធម្មតា ហើយបញ្ហានេះបានកើតឡើងក្រោយពេលដែលក្លិប Liverpool បានបញ្ចប់ដោយលទ្ធផលបរាជ័យនៃការប្រជែងពាន League Cup ក្រោមថ្វីដៃក្លិប Arsenal ដោយបាល់១១ម៉ែត្រកាត់សេចក្តី។
Mane ដែលទើបរកគ្រាប់បាល់បាន ៣គ្រាប់នឹងខកខានជួយក្រុម Liverpool ពេលប៉ះ Aston Villa ក្នុងលីគកំពូល Premier League នៃសប្តាហ៍ទី៤ ខណៈដែលក្រុមហង្សក្រហមកំពុងឈរលេខរៀងទី២ រកបាន ៩ពិន្ទុនិងគូប្រជែងឈរលេខរៀងទី៤ រកបាន ៦ពិន្ទុបណ្តោះអាសន្នដូចគ្នា៕