(មេនឆេស្ទើ)៖ ក្រុមបាល់ទាត់បិសាចក្រហម Manchester United បានបរាជ័យក្នុងផ្ទះដល់ទៅ ៦-១ ក្រោមថ្វីដៃរបស់ Tottenham Hotspur នៅ Premier League សប្តាហ៍ទី៤ នៅរាត្រីថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២០ បំបែកកំណត់ត្រាចាស់ដែលពួកគេធ្លាប់ចាញ់ Manchester City ក្នុងលទ្ធផលច្រើនគ្រាប់នេះដែរកាលឆ្នាំ២០១១ កន្លងទៅ។

នេះក៏ជាការបរាជ័យលើកទី២ ផងនៅ Premier League រដូវកាលថ្មីឆ្នាំ២០២០-២០២១ នេះ បន្ទាប់ពីចាញ់ក្រុមភ្ញៀវ Crystal Palace ក្នុងលទ្ធផល ៣-១ នៅកីឡដ្ឋាន Old Trafford នេះដូចកាលពីថ្ងៃបើកឆាកសប្តាហ៍ទី១ ជើងទី១។

កីឡាករអន្តរជាតិព័រទុយហ្គាល់ Bruno Fernandes រកបានតែ ១គ្រាប់ប៉ុណ្ណោះដែលជាគ្រាប់នាំមុខ ១គ្រាប់មុនផងដែរត្រឹមចាប់ផ្តើមលេងបាន ២នាទី មុនពេលមិត្តរួមក្រុម Anthony Martial ត្រូវបានពិន័យកាតក្រហមនៅនាទី២៨ និងជាវាយបកនាំមុខ ៤-១ ពីសំណាក់ក្រុមរបស់លោក Jose Mourinho មុនបញ្ចប់វគ្គទី១ ត្រឹមរយៈពេល ៤៥នាទី។

Spurs បន្តរកបាន ២គ្រាប់ទៀតក្នុងវគ្គទី២ ដើម្បីជួយក្រុមរបស់លោក Jose ដែលធ្លាប់ដឹកនាំ Man Utd បាន ២រដូវកាលផងនោះ រកបាន ៣ពិន្ទុជាលើកទី២ ក្នុងចំណោម ៤ប្រកួតនៅលីគកំពូលអង់គ្លេស ហើយក៏ជាជ័យជម្នះលើកទី១ ផងដែរនៅទឹកដី Old Trafford របស់ក្រុម Spurs គិតចាប់តាំងពីឆ្នាំ១៩៣២ មក៕