(ក្រុងឡុងដ៍)៖ វត្តមានរបស់កីឡាករខ្សែបម្រើ James Rodriguez បានជួយឲ្យទម្រង់លេងរបស់ក្លិប Everton មានការប្រែប្រួលជាខ្លាំង ដោយរកបាន ១២ពិន្ទុពេញក្នុងចំណោម ៤ប្រកួតនៅ Premier League នារដូវកាលថ្មីឆ្នាំ២០២០-២០២១ នេះ។

កីឡាករអន្តរជាតិកូឡុំប៊ី វ័យ ២៧ឆ្នាំ James ដែលត្រូវបាន Everton ខ្ចីជើងពីក្លិបអ្នកមាន Real Madrid រយៈពេល ២រដូវកាល ដោយរកបាន ៣គ្រាប់ផងដែរ ក្នុងចំណោម ៤ប្រកួតក្នុងលីគកំពូលអង់គ្លេស Premier League ដោយមិនទាន់ស្គាល់ពាក្យថាចាញ់ និងស្មើឡើយរកបាន ១២ពិន្ទុពេញ ឈរនៅកំពូលតារាងជាបណ្តោះអាសន្នទៀតផង។

មួយវិញទៀត James ក៏ជាអ្នកជួយជ្រោមជ្រែងកីឡាករខ្សែប្រយុទ្ធ Dominic Calvert-Lewin ឈរនៅ Top scorer ដោយមាន ៦គ្រាប់ច្រើនជាងគេផងដែរ ស្មើកីឡាករកូរ៉េខាងត្បូង Son Hueng-min របស់ក្លិបមាន់ខ្នាយមាស Tottenham Hotspur និងតាមពីក្រោយដោយ Mohamed Salah របស់ Liverpool និង Jamie Vardy របស់ក្លិប Leicester City ដែលរកបាន ៥គ្រាប់ស្មើគ្នា។

ក្រុមស្ករគ្រាប់ Everton ក៏ជាបេក្ខភាពមួយដែលបានឡើងទៅវគ្គ ៨ក្រុមចុងក្រោយនៃពាន League Cup (Carabao Cup) រដូវកាលនេះផងដែរ ដោយត្រូវប៉ះក្រុមបិសាចក្រហម Manchester United ដែលនឹងធ្វើឡើងនារាត្រីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ក្រោមការបង្វឹករបស់អ្នកចាត់ការសញ្ជាតិអ៉ីតាលី Carlo Ancelotti៕