(ភ្នំពេញ)៖ វិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល បានរៀបចំពិធីចែកសញ្ញាបត្រជូនដល់និស្សិត ដែលបានប្រលងបញ្ចប់ការសិក្សាលើកម្មវិធី ACCA CAT និងថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ សម្រាប់ឆ្នាំសិក្សា២០១៩។
ពិធីប្រគល់សញ្ញាបត្រកាលពីចុងខែកញ្ញា ឆ្នាំ២០២០ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក បណ្ឌិត ងី តាយី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ និងមានការអញ្ជើញចូលរួមពីសំណាក់លោកនាយកវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល ស្ថាប័ន ACCA កម្ពុជា សាស្រ្តាចារ្យ និយោជក និស្សិត និងអាណាព្យបាលផងដែរ។
ពិធីចែកសញ្ញាបត្រនេះត្រូវបានរៀបចំឡើង ដោយបែងចែកនិស្សិតទទួលសញ្ញាបត្រជាក្រុមតូចៗ ដោយរក្សាគម្លាតសុវត្ថិភាព ដើម្បីចូលរួមទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩។
លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល បានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ ២០០៣មក វិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបណ្តុះបណ្តាលនិស្សិត ជាច្រើនជំនាន់រួចមកហើយ។
ក្នុងរយៈពេល២០ឆ្នាំនេះ វិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល បានខិតខំយ៉ាងខ្លាំង ដើម្បីបង្កើតកាលានុវត្តភាព ដល់ សាធារណៈជនទូទៅ ដែលសិក្សានៅវិទ្យាស្ថាននេះ ដោយយកគុណភាពជាចម្បង ជាពិសេសចំពោះគុណភាពគ្រូបង្រៀន និងកម្មវិធីសិក្សា ដើម្បីអោយស្របទៅនឹងមាត្រដ្ឋានជាតិ និងអន្តរជាតិ។
លោកបានបន្តទៀតថា ជាលទ្ធផល និស្សិតទាំងអស់ពិតជាមានជំនាញពិតប្រាកដ ដោយឆ្លងការខិតខំប្រឹងប្រែង ការលះបង់ ដើម្បីក្លាយជាអ្នកជំនាញម្នាក់ដែលមានការទទួលស្គាល់ពីសាធារណៈជន ទាំងក្នុង និងក្រៅប្រទេស តួយ៉ាងដូចជា សមាគមគណនេយ្យករជំនាញ ACCA របស់ចក្រភពអង់គ្លេស សហព័ន្ធគណនេយ្យករអន្តរជាតិ (IFAC) និងវិទ្យាស្ថាន CFA នៅសហរដ្ឋអាមេរិក ជាដើម។
លោក ខេស៊ី បាណែត ថ្លែងបន្តថា ទោះបីនិស្សិតបានទទួលជំនាញមួយនេះហើយ និស្សិតត្រូវបន្តការសិក្សា ដើម្បីយកឈ្នះលើការប្រែប្រួលនៃសេដ្ឋកិច្ចដែលអាចកើតមានឡើងក្នុងកត្តាណាមួយ។
លោកបានលើកយក កត្តាសេដ្ឋកិច្ចក្នុងកំឡុងពេលកូវីដ-19 គឺពិតជាមានការប្រឈមខ្លាំងនាពេលបច្ចុប្បន្ន។ បើប្រៀបធៀបនឹង ២០ឆ្នាំមុន សេដ្ឋកិច្ចនៅប្រទេសកម្ពុជា ពិតជាមានការរីកចម្រើនយ៉ាងខ្លាំងក្នុងអត្រា ៧.៧% ក្នុងមួយឆ្នាំ តែក្នុងឆ្នាំនេះ សេដ្ឋកិច្ចនឹងមានការធ្លាក់ចុះ៤% ហើយវានឹងអាចបន្តទៅឆ្នាំបន្ទាប់ទៀតផងដែរ។
លោកក៏បានធ្វើការផ្តាំផ្ញើទៅនិស្សិតទាំងអស់ឲ្យបន្តការសិក្សា ដើម្បីវិនិយោគលើខ្លួនឯង។ មិនត្រឹមតែប៉ុណ្ណេះទេ គឺត្រូវវិនិយោគលើក្រមសីលធម៌ ក្នុងនាមជាគណនេយ្យករជំនាញ គឺត្រូវមានភាពស្មោះត្រង់ រក្សាការសម្ងាត់ និងមានគោលដៅច្បាស់លាស់។
វិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល ជាវិទ្យាស្ថានតែមួយគត់ដែលទទួលបានចំណាត់ថ្នាក់កម្រិត មាស ពីសមាគមគណនេយ្យករជំនាញACCA ដែលមានទីតាំង នៅក្នុងចក្រភពអង់គ្លេស លើផ្នែកគុណភាពនៃការអប់រំផ្នែកគណនេយ្យករជំនាញ។
ក្រៅពីនេះទៅទៀត វិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល ក៏ទទួលបានការទទួលស្គាល់ពី ស្ថាប័ន បណ្តាញសាកលវិទ្យាល័យអាស៊ាន (AUN-QA) ស្ថាប័នអ្នកជំនាញផ្នែកហិរញ្ញវត្ថុ (CFA) ស្ថាប័ន ISO គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំកម្ពុជា (ACC) និងការទទួលស្គាល់នៃក្រុមប្រឹក្សាសម្រាប់កម្មវិធី និងសាលាពាណិជ្ជកម្ម (ACBSP)។
និស្សិតដែលរៀននៅ វិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល តែងទទួលបានចំណាត់ថ្នាក់ល្អ បើធៀបទៅនឹងប្រទេសផ្សេងៗ នៅលើសាកលលោក។
ក្នុងឱកាសនោះ លោកបណ្ឌិត ងី តាយី បានលើកឡើងថា លោកពិតជាមានសេចក្តីរំភើបជាមួយនិស្សិត ដែលទទួលបានជ័យលាភីក្នុងការសិក្សាថ្នាក់គណនេយ្យករជំនាញ និងអ្នកបច្ចេកទេសគណនេយ្យ។ ភាពជោគជ័យរបស់សិស្សនិស្សិតនៅពេលនេះ ជាជោគជ័យរបស់គ្រួសារ របស់វិជ្ជាជីវៈគណនេយ្យ និងសវនកម្ម និងរបស់សង្គមជាតិទាំងមូល។
លោកបានសង្កត់ធ្ងន់ថាវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល ពិតជាបានដើរតួយ៉ាងសំខាន់ក្នុងវិស័យគណនេយ្យ និងហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការបង្កើតធនធានមនុស្សដែលប្រកបដោយវិជ្ជាជីវៈច្បាស់លាស់ ដើម្បីបម្រើក្នុងវិស័យមួយនេះឲ្យមានការរីកចម្រើនដោយនិស្សិតនៃវិទ្យាស្ថានខេមអេដ មានឱកាសបម្រើការងារក្នុងក្រុមហ៊ុន និងស្ថាប័នធំៗ ទាំងជាតិ និងអន្តរជាតិ។
បន្ថែមពីនេះទៅទៀត លោកក៏បានលើកឡើងថា ជោគជ័យរបស់វិទ្យាស្ថានដែលទទួលបាន ក៏អាស្រ័យទៅនឹងការចូលរួមពីសំណាក់វិស័យឯកជន និងរដ្ឋ ក៏ដូចជាវិទ្យាស្ថានខ្លួនឯងផ្ទាល់ផងដែរ រួមមានសាស្រ្តាចារ្យដែលប្រកបដោយគុណវឌ្ឍន៍ គណៈគ្រប់គ្រងសាលា និងបុគ្គលិកផ្សេងៗទៀត ដើម្បីបណ្ដុះបណ្ដាលអាជីពនេះឲ្យកាន់តែបានលទ្ធផលល្អ និងប្រសើរជាងមុន៕