(ភ្នំពេញ)៖ បច្ចុប្បន្នការប្រើប្រាស់ទូរទស្សន៍វ័យឆ្លាត (Smart TV) កំពុងតែទទួលបានការចាប់អារម្មណ៍ពីនៅក្នុងពិភពលោក ដោយក្នុងនោះកម្ពុជា ក៏ជាប្រទេសមួយដែលមានចំនួនអ្នកប្រើប្រាស់វាច្រើនផងដែរ ដោយសារតែតម្លៃអ៊ីនធើណែតទាប និងតម្លៃទូរទស្សន៍សមរម្យ។
ប៉ុន្តែលោកអ្នកមានដឹងទេថា ក្រុមឧក្រិដ្ឋជនអាចធ្វើសកម្មភាពខុសច្បាប់ណាមួយបានតាមរយៈការប្រើប្រាស់អ៉ិនធើណែត និងការដំឡើងកម្មវិធីផ្សេងៗនៅលើ ទូរទស្សន៍វ័យឆ្លាតរបស់លោកអ្នក ពោលគឺលោកអ្នកអាចនឹងក្លាយជាជនរងគ្រោះដោយមិនដឹងខ្លួន។
ទូរទស្សន៍វ័យឆ្លាត (Smart TV) គឺជាបច្ចេកវិទ្យាដែលបានតភ្ជាប់ទូរស្សន៍ទៅកាន់ពិភពលោក តាមរយ:បណ្តាញអ៉ិនធើណេត។ ដើម្បីអាចប្រើប្រាស់កម្មវិធីទូរទស្សន៍វ័យឆ្លាត អ្នកប្រើប្រាស់អាចទិញប្រភេទទូរទស្សន៍វ័យឆ្លាត ឬដំឡើងដុំឧបករណ៍បន្ថែមដែលអាចរកទិញបានលើទីផ្សារ។ ដោយសារភាពសម្បូរបែបនេះហើយ ក្រុមឧក្រិដ្ឋជនបានស្វែងរកមធ្យោបាយផ្សេងៗក្នុងការជ្រៀតចូលទូរទស្សន៍វ័យឆ្លាតទាំងនោះ បញ្ជាពីចម្ងាយដើម្បីលួចថតសំឡេង រូបភាព វីដេអូ របស់ជនរងគ្រោះ ឬប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងកម្មវិធី Samrt TV ធ្វើការវាយប្រហារទៅកាន់គោលដៅផ្សេងៗ (ឧទាហរណ៍៖ មេរោគឈ្មោះ Mirai ដែលបានប្រើប្រាស់ឧបករណ៍ ភ្ជាប់អ៉ិនធើណេត (Internet of Things) ក្នុងនោះរួមទាំងទូរទស្សន៍វ័យឆ្លាតក្នុងការវាយប្រហារ DDOS)។
លើសពីនេះត្រូវចងចាំថាទូរទស្សន៍វ័យឆ្លាតប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការដូចដែលកុំព្យូទ័រ ទូរស័ព្ទដៃ ឬឧបករណ៍វ័យឆ្លាតដទៃកំពុងប្រើប្រាស់ (ភាគច្រើនទូរទស្សន៍វ័យឆ្លាតប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android) ដូច្នេះហានិភ័យនានាតួយ៉ាងការជ្រៀតចូល ឬចម្លងមេរោគ គឺអាចកើតមានឡើងលើទូរទស្សន៍វ័យឆ្លាតរបស់អ្នកបានផងដែរ។
ដើម្បីកាត់បន្ថយហានិភ័យនៅពេលភ្ជាប់ទូរទស្សន៍វ័យឆ្លាតរបស់អ្នកទៅកាន់បណ្តាញអុីនធើណេត អ្នកត្រូវអនុវត្តវិធីសាស្ត្រមួយចំនួនដូចខាងក្រោម៖
* បិទកាមេរ៉ា ឬ Microphone ពេលដែលពុំប្រើប្រាស់ ជាពិសេសក្នុងបន្ទប់គេង (ឬអាចយកវត្ថុអ្វីក៏បាន ទៅនបិទនៅពីមុខកាមេរ៉ា ព្រោះថាឧក្រិដ្ឋជនអាចធ្វើការបញ្ជាពីចម្ងាយក្នុងការបើក (Active) កាមេរ៉ាបាន ដោយមិនចាំបាច់មានការអនុញ្ញាត ពីម្ចាស់)
* ត្រូវមានការប្រុងប្រយ័ត្នពេលចូលមើលគេហទំព័រផ្សេងៗ ជាពិសេសគេហទំព័រអាសអាភាស (ក្រៅពីគេហទំព័រអាសអាភាសក៏ដោយ លោកអ្នកត្រូវប្រយ័ត្ន ដូចជាមានលោកផ្ទាំងមកឱ្យបំពេញព័ត៌មាន ឬដើម្បីចូលទៅប្រើបាន ត្រូវចុចលើប៊ូតុងអ្វីមួយ ជាដើម)
* ត្រូវមានការប្រុងប្រយ័ត្នពេលទាញយក និងដំឡើងកម្មវិធីផ្សេងៗ ពីប្រភពមិនច្បាស់លាស់ (ជាធម្មតាដើម្បីដំឡើងកម្មវិធី App លោកអ្នកត្រូវចូលទៅកាន់ Store ផ្លូវការរបស់ Google ដើម្បីទាញយក និងដំឡើង)
* ត្រូវរក្សាលេខសម្ងាត់ Wifi ដែលទូរទស្សន៍កំពុងភ្ជាប់ជាមួយ ព្រោះជនអនាមិកអាចធ្វើការវាយប្រហារ ឬជ្រៀតចូល នៅពេលដែលគេភ្ជាប់បណ្តាញ Wifi ជាមួយអ្នក (ចំពោះលេខសម្ងាត់ Wifi ដែលភ្ជាប់ជាមួយទូរទស្សន៍គួរតែកុំប្រើលេខបែបសាមញ្ញា ឧ. 88889999, 123456789 ឬ11112222 គួរតែប្រើឱ្យមានលេខពិសេស អក្សរតូច អក្សរធំ ចូលគ្នាទើបល្អ)
* ធ្វើការដំឡើងកម្មវិធីកម្ចាត់មេរោគ (ឧទាហរណ៍៖ McAfee Security ហើយត្រូវធ្វើការ Update Version របស់កម្មវិធីឱ្យទាន់ពេលវេលា និងឧស្សាហ៍ Scan អាច១សប្ដាហ៍ម្ដង)
* សូមធ្វើបច្ចុប្បន្នភាព (Update Version) ប្រព័ន្ធប្រតិបត្តិការទូរទស្សន៍របស់អ្នកជាប្រចាំ៕