(ភ្នំពេញ)៖ លោក ណុប បាយ៉ារិទ្ធ ដែលគេដឹងគ្រប់គ្នាថា ជាតារាចម្រៀងក្នុងផលិតកម្ម រស្មីហង្សមាស បានបង្ហាញមុខរួមនិងភាពល្បីល្បាញដំណាលគ្នានឹងលោក ព្រាប​ សុវត្ថិ ​ហើយក៏ជាតារាចម្រៀង កើតក្នុងត្រកូលអ្នកសិល្បៈផងនោះ។ តែប្រហែលជាមិនគ្រប់គ្នាទេ ដែលបានដឹងពីប្រវត្តិពិស្តារនៃខ្សែជីវិតរបស់លោក។ ខាងក្រោមនេះ Fresh News Plus សូមនាំមកនូវ​ចំណុចខ្លះៗនៃប្រវត្តិខ្សែជីវិតរបស់លោក ណុប បាយ៉ារិទ្ធ មកជំរាបជូន។

* អំពីប្រវត្តិសង្ខេប ជីវិតគ្រួសារ និងការសិក្សា៖
លោក ណុប បាយ៉ារិទ្ធ កើតថ្ងៃទី១​៦ ខែសីហា ឆ្នាំ១៩៨១ នៅរាជធានីភ្នំពេញ។ លោក ណុប បាយ៉ារិទ្ធ ជាកូនទី១កើតក្នុងត្រកូលអ្នកសិល្បៈដែលមានឪពុកឈ្មោះ ណុប សម្បត្តិ ជាសាស្ត្រាចារ្យផ្នែករបាំប្រពៃណី ល្ខោនបាសាក់​ អ្នកនិពន្ធ ដឹកនាំរឿង និងជាមន្ត្រីក្រសួងវប្បធម៌ និងមានម្តាយឈ្មោះ សំកុល សុភាវី ជាអ្នកនិពន្ធ។ លោកមានប្អូនៗជាអ្នកសិល្បៈដូចជា​ ​លោក ណុប​ សម្បត្តិបុទ្ធីរ័ត្ន ហៅ​នីកូ ជាតារាចម្រៀងរួមទ្រនំ ប្អូនប្រុសម្នាក់ទៀត ឈ្មោះ ណុប ច័ន្ទសិទិ្ធការ្យ ជាអ្នកនិពន្ធទំនុកច្រៀង និងមានប្អូនស្រីម្នាក់ទៀតឈ្មោះ ណុប ហ្សាណែកកុលិ្លការ ជាអ្នកសម្តែង។

គម្រប់អាយុ៧ឆ្នាំ កុមារ ណុប បាយ៉ារិទ្ធ បានចូលរៀនសាលាបឋមសិក្សា​ផ្សារដើមថ្កូវ និងបន្តទៅវិទ្យាល័យទួលទំពូង និងបានបញ្ចប់សញ្ញាបត្របាក់ឌុបនៅក្នុងឆ្នាំ១៩៩៨ នៅវិទ្យាល័យទួលទំពូង រាជធានីភ្នំពេញ និងបន្តការសិក្សា នៅវិទ្យាស្ថានជាតិគ្រប់គ្រង ផ្នែកទីផ្សារបានឆ្នាំទី២ក្នុងឆ្នាំ២០០១។ បច្ចុប្បន្នលោក ណុប បាយ៉ារិទ្ធ មានវ័យ៣៩ឆ្នាំ (ក្នុងឆ្នាំ២០២០)

* អំពីស្នាដៃក្នុងវិស័យសិល្បៈ៖
ពីកុមារភាពលោកមិនសូវចេះមាត់កនឹងគេទេ ប៉ុន្តែជាក្មេងឧស្សាហ៍រៀនសូត្រ និងចូលចិត្តសិល្បៈចម្រៀង​ លោកតែងតែច្រៀងតាមសំណូមពរបងប្អូន គ្រួសារនិងមិត្តនៅក្នុងកម្មវិធីជួបជុំផ្សេងៗ។ ក្នុងពេលកំពុងសិក្សា លោកបានថតចម្រៀង ដាក់កាស្សែត ចូលរួមប្រឡង​​ក្នុងវិទ្យុសម្បុកឃ្មុំ ហើយក៏ទទួលបានជយលាភីលេខ១ គឺបទ «គ្មានអ្នកជំនួសអូនបាន»។ ក្រោយមកទៀតតាមរយៈ​ លោក ហ្វៃ សំអាង (ពេលនោះលោក ហ្វៃ សំអាង ជាអ្នកគ្រប់គ្រង «ពិភពតន្រ្តី» ប៉ុស្ត៍លេខ៣ និងជាអ្នកនិពន្ធទំនុបច្រៀងនៅផលិតកម្មហង្សមាស) មានការចាប់អារម្មណ៍ លោកបានឲ្យឡើងច្រៀងក្នុងកម្មវិធី «ពិភពតន្រ្តី» ប៉ុស្ត៍លេខ៣នាពេលនោះ។ ដោយឃើញទេពកោសល្យរបស់លោក ណុប បាយ៉ារិទ្ធ, លោក ហ្វៃ សំអាង បានទំនាក់ទំនងឲ្យមកសាកសំឡេងនៅផលិតកម្មហង្សមាស។ បន្ទាប់លោកក៏បានក្លាយជាអ្នកចម្រៀងនៅផលិតកម្ម «ហង្សមាស» និងចាប់ផ្តើមចូលច្រៀងដំបូងនោះគឺបទ «សុំចែកបេះដូង» ហើយក៏បានអ្នកគាំទ្រផ្តើមស្គាល់ និងក៏ចាប់ផ្តើមល្បីបណ្តើរៗមក។ ភាពជោគជ័យនេះបានបន្តរៀងរាល់ថ្ងៃ តាមរយៈបទចម្រៀងបន្តបន្ទាប់ រហូតមកដល់បច្ចុប្បន្ន។

ស្ថិតក្នុងតួនាទីជាតារាចម្រៀង ក្នុងផលិតកម្មរស្មីហង្សមាស រយៈពេល​ជាង២០ឆ្នាំ លោក ណុប​ បាយ៉ារិទ្ធ បន្សល់មរតកសំឡេងរាប់ពាន់បទ ជាមួយបទចម្រៀងគ្រប់ចង្វាក់ ហើយជាមួយបទឆ្លងឆ្លើយវិញ​ លោកអាចច្រៀងឆ្លងឆ្លើយបានគ្រប់គ្នា ជាមួយតារាចម្រៀងស្រីក្នុងផលិតកម្មរួមទ្រនំ។ ទាំងសំឡេងនិងរូបសម្រស់ជាមូយក្បាច់រាំដ៏រស់​រវើក លោកត្រូវបានចូលរួមក្នុងកម្មវិធីតន្រី្តបែបអន្តរជាតិ ដែលរៀបចំដោយផលិតកម្ម «ហង្សមាស» ៤ឆ្នាំជាប់ៗគ្នា គឺកម្មវិធីតន្រី្ត ​«Best of the Best»។

ក្រៅពីមរតកសំឡេង លោក ណុប បាយ៉ារិទ្ធ ​បានបន្សល់ស្នាដៃសម្តែង​ MV រាប់រយបទ និងខ្សែភាពយន្តមួយជំនួន ក្នុងផលតិកម្មឈានមុខគេក្នុងប្រទេសកម្ពុជាមួយនេះផងដែរ។ ក្រៅពីស្នាដៃដ៏មោទនភាពសំរាប់ខ្លួនឯង និងគ្រួសារ តាមរយៈស្នាដៃជាច្រើននេះ លោក​ ណុប បាយ៉ារិទ្ធ ក៏ត្រូវបានកម្មវិធី​លំដាប់អន្តរជាតិជ្រើសរើសជា Coach ក្នុងកម្មវិធី «The Voice Cambodia» រដូវកាលទី១ និងទី២ និងជាគណៈកម្មការផ្តល់ពន្ទុ «X Factor Cambodia​»ផងដែរ។

ក្រៅពីស្នាដៃសិល្បៈលោកក៏ទទួលគ្រឿងឥស្សរិយយស ថ្នាក់មហាសេនា ពីព្រះមហាក្សត្រព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នាឆ្នាំ២០១៧។

* អំពីជីវិតស្នេហា៖
ចំពោះរឿងស្នេហាវិញ​ មកដល់ឆ្នាំនេះ (២០២០) លោក ណុប បាយ៉ារិទ្ធ ​មានអាយុ៣៩ឆ្នាំ ដោយរក្សាសម្រស់នៅក្មេងជាងវ័យ និងបានបង្ហាញខ្លួនលើជំនាញជាតារាចម្រៀងលេចធ្លោមួយរូប ប្រៀបដួងតារាកំពុងរះដែលជាទីទាក់ទាញ ចំណាប់អារម្មណ៍ពីមហាជន ដែលតែងតែចង់ដឹងគ្រប់រឿងពីខ្សែជីវិតរបស់លោក ពិសេសរឿងស្នេហា។ តែបែបជាមិនដែលបានឃើញលោកបង្ហាញ ពីរឿងរ៉ាវស្នេហា ដែលជារឿង​យុវវ័យគ្រប់រូបតែងប្រាថ្នា ដើម្បីបង្អួតគ្នាម្តងណាឡើយ។ ភាពមិនសូវរស់រវើកពីរឿងស្នេហានេះ បានធ្វើឲ្យអ្នកគាំទ្រដែលមានមាត់ដាច (ចចេកចចូច​​) ថា លោកពុំមានអារម្មណ៍ជាមួយមនុស្សស្រី ធ្វើឲ្យកើតជារឿងមិនសប្បាយចិត្តផ្សេងៗ។ តែក្រោមរូបភាព(ចចេកចចូច​)ទាំងនេះ មិនមានភស្តុតាង ណាមួយបញ្ជាក់ឲ្យច្បាស់លាស់ឡើយ។ ចំពោះរឿងនេះ Fresh News Plus សូមចាត់ទុកជារឿងផ្ទាល់ខ្លួនរបស់លោក យើងសូមមិនយកមកបកស្រាយទេ​ ហើយសង្ឃឹមថា ថ្ងៃណាមួយពេល​លោកបានជួបគូស្នេហ៍សមបំណង​នោះ លោកពិតជាបង្ហាញ​ អ្នកគាំទ្រជាមិនខាន។

* អំពីទម្លាប់ និងចំណង់ចំណូលចិត្ត៖
តារាដែលមិនធ្លាប់មានលេចឮដំណឹងរឿងស្នេហា ជាមួយនារីណាម្នាក់ជាសាធារណៈរូបនេះ កម្រ​ចេញក្រៅតាមទីសាធារណៈណាស់ ពេលលោកចេញក្រៅម្តងៗលោកតែងពាក់អាវជិតនិងពាក់មួក។ លោកចេញចូលរួមក្នុងពិធីជប់លៀងច្រើន តែកម្មវិធីមិត្តភក្តិជិតស្និទ្ធ មិត្តរួមអាជីព និងបងប្អូន។ លោកញ៉ាំគ្រឿងស្រវឹង មានស្រាបៀរ វិសី្គ ស្រាក្រហម មានកំរិតតិចបំផុត។ លោកនិយមយកការហាត់រាំធ្វើជាការហាត់ប្រាណ។ ឯអាហារលោកអាចញ៉ាំបានគ្រប់មុខ ទាំងម្ហូបអឺរ៉ុប​ ចិន ខ្មែរ។ លោកនិយាយលេងច្រើនជាងកាលពីក្មេង រួសរាយជាមួយអ្នកគាំទ្រ មិត្តរួមការងារ ពិសេសគ្រប់ការណាត់ជួប​ តែងទៅដល់ទាន់ពេលវេលា​និងមុនម៉ោងបន្តិច៕