(ភ្នំពេញ)៖ លោក ម៉ី សុជាតិ គ្រូបង្វឹកក្រុមបាល់ទាត់នារីខេត្តកំពង់ស្ពឺ-ណាហ្គាវើលដ៏ បានសម្ដែងការសប្បាយចិត្តជាខ្លាំង ក្រោយយកឈ្នះក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង ៥-៣ ក្នុងការប្រកួតជម្រើសជើងឯកលីគបាល់ទាត់នារី ឆ្នាំ២០២០។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុមបុត្រសម្ព័ន្ធរបស់ក្លិបណាហ្គាវើលដ៏ មានក្ដីរំពឹងកាន់តែខ្ពស់ក្នុងការប្រជែងពាន ក្រោយដណ្ដើមបានជ័យជម្នះ ២ប្រកួតជាប់គ្នា។
ការប្រកួតដ៏ជក់ចិត្តនៅទីលានវិទ្យាល័យកំពង់ស្ពឺកាលពីចុងសប្តាហ៍កន្លងទៅ ក្រុមនារីព្រះខ័នរាជស្វាយរៀង បានស៊ុតបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះ ២គ្រាប់មុន។ បន្ទាប់មកក្រុមកំពង់ស្ពឺ-ណាហ្គាវើលដ៏ ព្យាយាមវាយបករហូតរកបាន ៥គ្រាប់វិញ ខណៈក្រុមភ្ញៀវរកបាន ១គ្រាប់បន្ថែមប៉ុណ្ណោះ មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ៩០នាទី ក្រុមកំពង់ស្ពឺ-ណាហ្គាវើលដ៏ យកឈ្នះព្រះខ័នរាជស្វាយរៀង ៥-៣។
ជាមួយការដណ្ដើមបាន ៣ពិន្ទុពេញនេះ លោក ម៉ី សុជាតិ បានចាត់ទុកនេះជាការប្រកួតដ៏ធំជាងគេ ដ្បិតមុនការប្រកួតលោកសង្ឃឹមឈ្នះត្រឹម ៦០% ប៉ុណ្ណោះ។ តែក្រោយយកឈ្នះព្រះខ័នរាជស្វាយរៀង បានធ្វើឲ្យក្ដីរំពឹងដណ្ដើមពានលីគបាល់ទាត់នារី ឆ្នាំ២០២០ កើនឡើងដល់ទៅ ៨០% ប៉ុន្ដែលោកក៏មិនទាន់អស់ក្ដីកង្វល់ចំពោះក្រុមខ្លាំង ៣ក្រុមទៀតដែរ រួមមានភ្នំពេញក្រោន ខេត្តសៀមរាប និងខេត្តបាត់ដំបងជាដើម ។
គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមបាល់ទាត់នារីខេត្តកំពង់ស្ពឺ-ណាហ្គាវើលដ៏ កំពុងឈរកំពូលតារាង និងមាន ៦ពិន្ទុ ក្រោយយកឈ្នះ ២ប្រកួតជាប់គ្នា ខណៈប្រកួតដំបូង ពួកគេបានយកឈ្នះក្រុមនារីកងយោធពលខេមរភូមិន្ទ ១៩-០ ស្របពេលក្រុមនារីព្រះខ័នរាជស្វាយរៀង ធ្លាក់មកឈរលេខរៀងទី៨ និងមាន ១ពិន្ទុ លើក្រុមបឹងកេត និងក្រុមនារីកងយោធពលខេមរភូមិន្ទ ដែលបន្ដចាញ់ក្នុងការប្រកួតទី២ ដូចគ្នា៕