(មេនឆេស្ទើ)៖ ក្រុមបាល់ទាត់ Manchester United របស់អង់គ្លេសបានចុះហត្ថលេខានាំយកកីឡាករថ្មី ៤នាក់ទៀតរួមមាន Edinson Cavani, Telles, Pellistri និង Diallo នៅថ្ងៃបិទបញ្ចប់រដូវកាលដោះដូរកីឡាករប្រចាំឆ្នាំ២០២០ នេះ។
តាមរយៈព័ត៌មានពី BBC បានចេញផ្សាយនៅថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០២០ នេះបានឲ្យដឹងថា បិសាចក្រហមបានផ្តល់កិច្ចសន្យារយៈពេល ២ឆ្នាំឲ្យកីឡាករវ័យ ៣៣ឆ្នាំសញ្ជាតិអ៊ុយរ៉ាហ្គាយ ជាមួយនឹងប្រាក់ពលកម្ម ២១ម៉ឹនផោនផងដែរក្នុង ១សប្តាហ៍ដល់ Cavani ក្រោយចាកចេញពីក្លិបបារាំង Paris Saint-Germain ដោយគ្មានតម្លៃខ្លួន។
នេះមានន័យថា Cavani នឹងប្រឈមមុខទល់នឹងអតីតក្លិបចាស់របស់គេ PSG លេងនៅ UEFA Champions League រដូវកាលនេះ បន្ទាប់ពីចាប់ឆ្នោតស្ថិតក្នុងពូល H ជាមួយគ្នា ក្រោយខកខានជួបគ្នាតែ ២ឆ្នាំប៉ុណ្ណោះ។
មួយវិញទៀត។ Cavani ជាខ្សែប្រយុទ្ធ ១រូបដែលជួយឲ្យ PSG ឈ្នះជើងឯក Ligue 1 បាន ៦ដង ក្រោយចូលរួមជាមួយលីគបារាំងមួយនេះក្នុងឆ្នាំ២០១៣ ដែលផ្ទេរចេញពីក្លិប Napoli របស់អ៉ីតាលី។
បន្ថែមលើនេះ ក្រុមរបស់លោក Ole ក៏បានចុះកិច្ចសន្យារយៈពេល ៤ឆ្នាំជាមួយខ្សែការពារស្លាបឆ្វេង Alex Telles ក្នុងតម្លៃ ១៥លានអឺរ៉ូពីក្លិប FC Porto និង ៩លានផោនផ្សេងទៀតទៅលើខ្សែបម្រើស្លាប Facumdo Pellistri ដែលមានវ័យទើបតែ ១៨ឆ្នាំ និងតម្លៃផ្ទេរ ២១លានអឺរ៉ូទៀតទៅលើកីឡាករ Daillo គម្រប់បាន ៥នាក់នារដូវក្តៅនេះ ក្រោយការមកដល់របស់ Donny van de Beek ពីក្លិប Ajax របស់ហូឡង់៕