(ហាណូយ)៖ តម្លៃនាំចេញវាយនភណ្ឌ និងសម្លៀកបំពាក់សរុប របស់វៀតណាម នៅក្នុងរយៈពេល៩ខែដំបូង នៃឆ្នាំនេះ មានការធ្លាក់ចុះ១០,៣ភាគរយ បើធៀបនឹងឆ្នាំមុន ដែលមានតម្លៃប្រមាណ២២,១ពាន់លានដុល្លារ, នេះបើតាមទិន្នន័យ ពីការិយាល័យស្ថិតិទូទៅវៀតណាម ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះ។
ទីផ្សារនាំចេញធំជាងគេបំផុតរបស់វៀតណាម រួមមាន ៖ ចិន, ជប៉ុន, កូរ៉េខាងត្បូង, សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ គិតតែក្នុងខែកញ្ញា, ការនាំចេញវាយនភណ្ឌ និងសម្លៀកបំពាក់ បានធ្លាក់ចុះ១,៣ភាគរយ បើធៀបនឹងឆ្នាំមុន មានតម្លៃ២,៨ពាន់លានដុល្លារ។
សារព័ត៌មាន Bao Dau Tu របស់វៀតណាម បានចេញផ្សាយថា វិស័យសម្លៀកបំពាក់ និងវាយណភណ្ឌ គឺជាវិស័យមួយ ក្នុងចំណោមវិស័យ ដែលរងការប៉ះពាល់ខ្លាំងជាងគេបំផុត ដោយសារការរាតត្បាត ពីវីរ៉ុស COVID-19 ជាមួយនឹងវិស័យទេសចរណ៍ និងអាកាសចរណ៍។
ក្នុងនាមប្រទេសមួយ ក្នុងចំណោមប្រទេស ដែលជាអ្នកផលិត និងនាំចេញសម្លៀកបំពាក់ និងវាយនភណ្ឌមួយ ធំជាងគេបំផុត របស់ពិភពលោកនោះ, វៀតណាម បានការនាំចេញប្រមាណ៣២,៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៩ កើនឡើង៦,៩ភាគរយ បើធៀបនឹង ឆ្នាំ២០១៨៕