(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអភិវឌ្ឍន៍អវកាសអាមេរិក (SDA) បានអះអាងថា ក្រុមហ៊ុន SpaceX របស់លោក Elon Musk បានឈ្នះនៅក្នុងកិច្ចសន្យាដេញថ្លៃសាងសង់ផ្ដាយរណបតាមដានមីស៊ីលសម្រាប់មន្ទីរបញ្ចកោន នៅ ក្នុង ទឹកប្រាក់ ១៤៩លានដុល្លារអាមេរិក ដែលនេះជាកិច្ចសន្យាដំបូងបំផុតសម្រាប់ក្រុមហ៊ុន SpaceX។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានឱ្យដឹងថា SpaceX ជាក្រុមហ៊ុនផ្កាយរណបដែលកំពុងរីកលូតលាស់ខ្លាំង ជាពិសេសបច្ចុប្បន្នបាននិងកំពុងតែផលិត និងដាក់ឱ្យប្រើប្រាស់នូវសេវាកម្មអ៊ីនធើណែតតាមរយៈផ្ដាយរណបដែលមានឈ្មោះថា Starlink ដោយថ្មីៗនេះលោក Elon Musk បានប្រកាសថានឹងខិតខំរកប្រាក់ចំណូលបន្ថែមសម្រាប់ក្រុមហ៊ុន SpaceX និង Starlink ហើយកិច្ចសន្យាក្នុងទំហំទឹកប្រាក់ ១៤៩លានដុល្លារអាមេរិក គឺជាជោគជ័យដំបូងរបស់លោកផងដែរ។
អ្នកនាំពាក្យរបស់ទីភ្នាក់ងារអភិវឌ្ឍន៍អវកាសអាមេរិកបានឱ្យដឹងថា នៅក្នុងសន្យាជាមួយក្រុមហ៊ុន SpaceX នេះគឺនឹងប្រើប្រាស់រោងចក្រដំឡើងផ្ដាយរណបរបស់ខ្លួន ដែលមាននៅក្នុងតំបន់ Redmond សម្រាប់ផលិតផ្ដាយរណបចំនួន ៤ ដែលបំពាក់ជាមួយនឹងឧបករណ៍ចាប់កាំជ្រួច តាមដានកាំជ្រួច តាមដានផ្ដាយរណប និង មុខងារសំខាន់ៗមួយចំនួនទៀត ដែលអាចនឹងដំណើរនៅឆ្នាំ២០២២។
ទីភ្នាក់ងារអភិវឌ្ឍន៍អវកាសអាមេរិកក៏បានលើកឡើងផងដែរថា ផ្ដាយរណបថ្មីនេះគឺមានសមត្ថភាពអាចចាប់បានសញ្ញា និងតាមដាននូវមីស៊ីលប្រភេទ ICBMs ដែលជាពពួកមីស៊ីល អាចហោះបានឆ្ងាយ គេចផុតពីការតានដាន និងស្ទាក់ចាប់របស់ឧបករណ៍មួយចំនួន ប៉ុន្តែមិនអាចគេចផុតពីភ្នែកផ្ដាយរណបថ្មីរបស់ក្រុមហ៊ុន SpaceX ឡើយ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១៩ ក្រុមហ៊ុន SpaceX ធ្លាប់ទទួលបានប្រាក់ ២៨លានដុល្លារអាមេរិក ពីកងទ័ពអាកាសរបស់អាមេរិក ជាក្នុងដាក់ឱ្យប្រើប្រាស់ បណ្ដាញផ្ដាយរណប Starlink ដែលមានមុខងារចែកចាយអ៊ីនធើណែត និងបានភ្ជាប់ជាមួយប្រព័ន្ធយន្តហោះយោធាអាមេរិកមួយចំនួនទៀត ៕