(មេនឆេស្ទើ)៖ យោងតាមប្រភពព័ត៌មានពី Daily Star បានចេញផ្សាយ ថ្នាក់ដឹកនាំក្លិប Manchester United បានកំពុងទាក់ទងលោក Mauricio Pochettino ដើម្បីជំនួសកៅអីលោក Ole Gunnar Solskjaer នាពេលថ្មីៗនេះ។
ក្លិបប្រចាំនៅទីក្រុង Manchester នៃប្រទេសអង់គ្លេសនេះបានកំពុងតែទាមទារនូវលទ្ធផលល្អឡើងវិញ ដើម្បីប៉ះប៉ូវចំពោះលទ្ធផលចាញ់ធ្ងរបំផុតកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដែលជាការប្រកួតលើកទី៣ នៅ Premier League នារដូវកាលថ្មីនេះ ក្នុងខណៈទម្រង់លេងរបស់ក្រុមទាំងមូលមានការធ្លាក់ចុះជាខ្លាំងក្រោមការបង្វឹករបស់គ្រូសញ្ជាតិន័រវេស។
មួយវិញទៀត ស្របពេលបុរសសញ្ជាតិអាហ្សង់ទីន Pochettino ពុំមានការងារធ្វើនៅឡើយ ក្រោយពេល Tottenham Hotspur បញ្ចប់តំណែងកាលពីឆ្នាំទៅ គ្រាដែលរូបលោកក៏មានបំណងមកដឹកនាំក្លិបលេងនៅ Premier League នាថ្ងៃណាមួយវិញដែរ។
តែថ្មីៗនេះដែរលោក Ed Woodward ដែលជាអនុប្រធានក្លិប Manchester United ពុំទាន់រៀបចំឯកសារ ដើម្បីចែកផ្លូវជាមួយលោក Ole នៅឡើយទេ ដោយសារលីគសម្រាក និងកីឡាករគ្រប់រូបធ្វើដំណើរទៅចូលរួមជាមួយជ្រើសជាតិលេងពាន UEFA Nations League៕