(ភ្នំពេញ)៖ តារាចម្រៀងវ័យក្មេងកញ្ញា អ៉ិត ជូលីណា ដែលត្រូវបានគេស្គាល់ថា ជាក្មួយស្រីរបស់តារាចម្រៀង ខេមរៈ សិរីមន្ត និងតែងតែឃើញច្រៀងបទ COVER លើផេក Khemarak Sereymun នូវបទចម្រៀងល្បីៗជាច្រើនកន្លងមកនោះ ពេលនេះនាងបានចេញបទចម្រៀង Original Song ផ្ទាល់ខ្លួនជាលើកដំបូងហើយ មានចំណងជើងថា «ចង់ជួបមនុស្សស្មោះ» ដោយទទួលបានការគាំទ្រច្រើនគួរសម។ ស្រីស្រស់ អ៉ិត ជូលីណា ត្រូវបានប្រភពមួយទម្លាយឲ្យដឹងថា គឺជាសាច់ញាតិរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត មានទេពកោសល្យខាងសិល្បៈចម្រៀងខ្លាំងដែរ។ អ្វីដែលជាការចាប់អារម្មណ៍នោះ គឺសំឡេងកញ្ញា អ៉ិត ជូលីណា ត្រូវបានគេប្រៀបប្រដូចទៅនឹងមីងរបស់នាង គឺកញ្ញា ខេមរៈ ស្រីពៅដែលបានស្លាប់ទៅហើយនោះ។

យោងតាមប្រភពច្បាស់ការមួយបានទម្លាយឲ្យ Fresh News Plus ដឹងថា ម្ដាយរបស់តារាចម្រៀង អ៉ិត ជូលីណា និងឪពុករបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត គឺត្រូវជាបងប្អូនជីដូនមួយនឹងគ្នា។ គ្រួសារអ្នកទាំងពីរ ជាបងប្អូនស្និទ្ធស្នាលគ្នាខ្លាំង។ ជារឿយៗនៅលើផេក Khemarak Sereymun ដែលជាផេកផ្លូវការរបស់លោកតែងឃើញបង្ហោះ បទចម្រៀងរបស់ កញ្ញា អ៉ិត ជូលីណា ដែលនាងយកបទចម្រៀងល្បីៗមក COVER ជាបន្តបន្ទាប់។

ទោះបីជា អ៉ិត ជូលីណា ធ្លាប់មានច្រៀងបទ COVER ជាច្រើនបទក្ដី តែនាងមិនធ្លាប់មានបទចម្រៀងផ្ទាល់ខ្លួនឡើយ ពោលគឺតារាចម្រៀងស្រីកំពុងតែរៀនថ្នាក់ទី១១ រូបនេះ ទើបតែមានចម្រៀងផ្ទាល់ខ្លួន១បទ ប៉ុណ្ណោះ។

បទ «ចង់ជួបមនុស្សស្មោះ» និពន្ធបទភ្លេង និងមេឡូឌីដោយ Tono Saki ហ្គីតា ដោយ ភួង សុភារ័ក្ស និពន្ធទំនុកច្រៀង សេង សុវណ្ណារា។ បទចម្រៀងរបស់នាងចេញជ្រោកក្រោម HIDE Officials។ តាមប្រភពដដែល បាននិយាយថា HIDE Officials ប្រកាន់គោលជំហរផលិតតែ Original Songs បានចុះកិច្ចសន្យាជាមួយ អ៉ិត ជូលីណា រួចទៅហើយនឹងគ្រោងផលិតបទចម្រៀង ឲ្យនាងជាបន្តបន្ទាប់ជាច្រើនបទបន្ថែមទៀត។

ចង់ដឹងថា Original song ដំបូងរបស់សាច់ញាតិ ខេមរៈ សិរីមន្ត គឺកញ្ញា អ៉ិត ជូលីណា ពីរោះយ៉ាងណានោះសូមទស្សនា នឹងស្ដាប់ទាំងអស់គ្នា៖