(ភ្នំពេញ)៖ ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២០ ដែលរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញបានបញ្ចប់ហើយ នៅថ្ងៃទី០៦ ខែតុលានេះ ក្រោយដំណើរការប្រកួតអស់រយៈពេល ១សប្ដាហ៍ពេញ ដែលមានកីឡាចំនួន ៥ប្រភេទ រួមមានកីឡាបាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ និងកីឡាវាយកូនឃ្លីលើតុ។
ជាលទ្ធផលក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ សម្រាប់ក្រុមជើងខ្លាំង នៃប្រភេទកីឡានីមួយៗ រួមមានកីឡាបាល់ទាត់ ជើងឯកបានទៅក្រុមយុវជនខណ្ឌមានជ័យ ក្រោយយកឈ្នះក្រុមវិទ្យាល័យព្រះស៊ីសុវត្ថិ ៧-៣ ក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីព្រឹកមិញ ដែលនាំឲ្យវិទ្យាល័យព្រះស៊ីសុវត្ថិទទួលបានត្រឹមជើងឯករង ខណៈលេខ៣ បានទៅក្រុមវិទ្យាល័យច្បារអំពៅ។
ចំណែកកីឡាបាល់ទះ តំណែងជើងឯកបានទៅក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គ្រាដែលជើងឯករងបានទៅក្រុមវិទ្យាល័យជាស៊ីមសាមគ្គី និងចំណាត់ថ្នាក់លេខ៣ បានទៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ។ ឯកីឡាបាល់បោះ ជើងឯកបានទៅក្រុមវិទ្យាល័យវត្តកោះ ស្របពេលជើងឯករង បានទៅវិទ្យាល័យព្រះស៊ីសុវត្ថិ និងលេខ៣ បានទៅយុវជនភូមិស្រែញរ។
ដោយឡែកកីឡាប៉េតង់ វិញ្ញាសាឯកត្ដជន លេខ១ កីឡាករ ផាំង ភក្ដី និងលេខ២ កីឡាករ ប៉ក់ បញ្ញា។ ឯវិញ្ញាសាក្រុម លេខ១ បានទៅវិទ្យាល័យ ជា ស៊ីម សាមគ្គី (១) និងលេខ២ បានទៅវិទ្យាល័យ ជា ស៊ីម សាមគ្គី (២)។ ចំណែកកីឡាវាយកូនឃ្លីលើតុ វិញ្ញាសាឯកត្តជន លេខ១ បានទៅកីឡាករ ហួន កុសល និងលេខ២ បានទៅកីឡាករ ហេង ចាន់ធីរិទ្ធ។ រីឯវិញ្ញាសាវាយគូ លេខ១ បានទៅវិទ្យាល័យ ជា ស៊ីម សាមគ្គី (១) និងលេខ២ បានទៅអនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង៕