(ភ្នំពេញ)៖ តំណាងក្រុមហ៊ុន Huawei នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ បានធ្វើបទបង្ហាញអំពីបច្ចេកវិទ្យាថ្មីៗ ជាពិសេសការរក្សាទុក្ខទិន្នន័យ និងឯកសារពាក់ព័ន្ធវិស័យព័ត៌មានដល់មន្ត្រីក្រសួងព័ត៌មាន។ ពិធីនេះមានការចូលរួមជាអធិបតីពីលោក ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការចូលរួមពីមន្ត្រីជំនាញ អគ្គនាយកដ្ឋានទាំង៥ របស់ក្រសួងព័ត៌មាន។
កម្មវិធីដែលបានធ្វើឡើងនៅទីស្តីការក្រសួងព័ត៌មាននេះ ក្រុមហ៊ុន Huawei បានធ្វើបទបង្ហាញជូនក្រសួងអំពីបច្ចេកវិទ្យាថ្មីៗរបស់ខ្លួន និងធ្វើការសម្រេចបាននូវសមិទ្ធិផលជាផ្លែផ្កាជាច្រើន ក្នុងប្រទេសកម្ពុជា និងជាសកល។ ជាពិសេសបច្ចេកវិទ្យានៃមជ្ឈមណ្ឌលទិន្នន័យ និងមូលដ្ឋានដំណោះស្រាយ (MAM) ស្តីពីការគ្រប់គ្រងទិន្នន័យ និងការរក្សាទុកនូវឯកសារជាតិជាសម្លេង, ទិន្នន័យ ឯកសារសំណៅដើម, អត្ថបទផ្សេងៗ និងព័ត៌មានដែលមានលក្ខណៈជាសន្តិសុខថ្នាក់ជាតិ និងការគ្រប់គ្រងការបែងចែកនូវព័ត៌មានទាំងអស់ ឱ្យបានត្រឹមត្រូវដល់សាធារណជន ក៏បានត្រូវលើកយកមកពិភាក្សា ក្នុងបទបង្ហាញនេះផងដែរ។
ក្រុមហ៊ុន Huawei និងភាគីខាងក្រសួងព័ត៌មាន ក៏បានសំណេះសំណាលជាមួយគ្នាយ៉ាងសកម្មតាមរយៈការលើកឡើងនូវសំណួរ និងចម្លើយទាក់ទងនឹងបច្ចេកវិទ្យាថ្មីៗ ដែលជាកង្វល់មួយចំនួនរបស់ភាគីក្រសួងពត៌មាន ក្នុងការគ្រប់គ្រងនូវទិន្នន័យធំ (Big Data) និងការចាក់ផ្សាយ (Broadcasting) នាពេលអនាគត ដើម្បីសមស្របនឹងយុគសម័យថ្មីនៃបច្ចេកវិទ្យា៤.០ និងស្របតាមគោលនយោបាយកម្មវិធីថ្នាលទូរទស្សន៍ឌីជីថល របស់រាជរដ្ឋាភិបាល។
គួររំលឹកផងដែរថា ជំនួបលើកដំបូងរវាងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា កាលពីពេលកន្លងទៅ បានបង្ហាញនូវឆន្ទៈក្នុងការធ្វើសហប្រតិបត្តិការល្អមួយនាពេលអនាគតរវាងក្រសួងព័ត៌មាន និងក្រុមហ៊ុន Huawei។
សម្រាប់បទបង្ហាញនៅថ្ងៃនេះ ក្រុមហ៊ុន Huawei បានធ្វើបទបង្ហាញជូនក្រសួងព័ត៌មានអំពីបច្ចេកវិទ្យាថ្មីៗរបស់ខ្លួន ដើម្បីជាធាតុចូល និងកិច្ចសហប្រតិបត្តិការផ្នែកប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅប្រទេសកម្ពុជា ដែលផ្អែកទៅលើចក្ខុវិស័យរបស់ខ្លួន ដោយប្តេជ្ញាចិត្តក្នុងការនាំយកនូវបច្ចេកវិទ្យាទៅដល់ប្រជាជនគ្រប់រូប គ្រប់គេហដ្ឋាន និងស្ថាប័ននានា ដើម្បីភ្ជាប់ទំនាក់ទំនងដ៏ឆ្លាតវៃនៅទូទាំងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ក្រុមហ៊ុនHuawei បង្កើតឡើងនៅឆ្នាំ១៩៨៧។ ក្រុមហ៊ុន Huawei ជាក្រុមហ៊ុននាំមុខគេមួយនៅក្នុងការផ្តល់បច្ចេកវិទ្យាព័ត៌មាន និង ការទំនាក់ទំនង ហេដ្ឋារចនាសម្ព័ន្ធ (ICT) និងឧបករណ៍ឆ្លាតវៃជាច្រើន។ មានបុគ្គលិកច្រើនជាង ១៩៤,០០០នាក់ ហើយមានប្រតិបត្តិការច្រើនជាង ១៧០ប្រទេស និងនៅក្នុងតំបន់ បានបម្រើអតិថិជនច្រើនជាង ៣ពាន់លាននាក់នៅជុំវិញពិភពលោក។ ក្រុមហ៊ុនប្តេជ្ញាចិត្តក្នុងការនាំយកនូវបច្ចេកវិទ្យាទៅដល់គ្រប់បុគ្គល គ្រប់គេហដ្ឋាន និង ក្រុមហ៊ុន ដើម្បីបង្កើតទំនាក់ទំនងដ៏ឆ្លាតវៃនៅទូទាំងពិភពលោក។
ក្រុមហ៊ុននឹងនាំមកនូវបណ្តាញទំនាក់ទំនងទៅកាន់គ្រប់ទីកន្លែង និង ផ្សព្វផ្សាយសមភាពនៃការប្រើប្រាស់បណ្តាញកុំព្យូទ័រ, ផ្តល់លទ្ធភាពប្រើប្រាស់ខ្ពស់បំផុត ដើម្បីចែកចាយទៅគ្រប់ទីកន្លែងផ្ទុកទិន្នន័យ និងការរីកដុះដាលនៃភាពឆ្លាតវៃ, បង្កើតកម្មវិធីឌីជីថលដើម្បីជួយដល់គ្រប់ឧស្សាហកម្ម និង ក្រុមហ៊ុនអោយកាន់តែមានភាពរហ័សរហួន មានប្រសិទ្ធភាពនិងមានថាមពល, បង្កើតនិយមន័យថ្មីលើបទពិសោធន៍របស់អ្នកប្រើប្រាស់ជាមួយកម្មវិធី AI ដែលធ្វើឲ្យកាន់តែមានឯកជនភាពសំរាប់មនុស្សនៅគ្រប់បរិបទទាំងអស់ មិនថាពួកគេកំពុងនៅគេហដ្ឋាន នៅការិយាល័យ ឫក៏កំពុងតែធ្វើដំណើរក៏ដោយ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់ Huawei www.huawei.com ឬតាមដានព័ត៌មាននៅលើគេហទំព័រ Facebook របស់ក្រុមហ៊ុន Huawei ថេកណឡជី (ខេមបូឌា)៖ https://www.facebook.com/HuaweiTechKH ៕