(ញូយ៉ក)៖ ក្រុមហ៊ុនអាកាសចរណ៍ធំមួយរបស់អាមេរិកគឺ Southwest Airlines នៅថ្ងៃដើមសប្តាហ៍នេះ បានស្នើទៅកាន់ខាងក្រុមសហជីពអាកាសចរណ៍ឲ្យយល់ព្រម ចំពោះគម្រោងកាត់ប្រាក់ខែបុគ្គលិករហូតដល់ផុតឆ្នាំ២០២១ ដើម្បីបញ្ចៀសកុំឲ្យឈានដល់ការព្យួរឬកាត់បន្ថយចំនួនបុគ្គលិកតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០២០។
ក្រុមសហជីពអាកាសចរណ៍តំណាងឲ្យខ្ទង់៨៣ភាគរយ នៃបុគ្គលិកសរុបចំនួន៦១,០០០នាក់របស់ក្រុមហ៊ុន Southwest។ បើតាមគម្រោងរបស់អាកាសចរណ៍ Southwest សម្រាប់ប្រាក់ខែបុគ្គលិកដែលមិនស្ថិតក្នុងសហជីព នឹងត្រូវកាត់១០ភាគរយរហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ទើបប្រាក់ខែពួកគេត្រឡប់ទៅរកកម្រិតធម្មតាដូចដើមវិញ។ ខាងសហជីពតំណាងក្រុមអាកាសយានិករបស់ Southwest បានឲ្យដឹងថា ខ្លួនយល់ព្រមជួបពិភាក្សាគ្នាជុំវិញបញ្ហានេះ ខណៈខាងសហជីពតំណាងអ្នកបម្រើសេវាកម្មលើយន្តហោះ និងអ្នកបច្ចេកទេស មិនទាន់ឆ្លើយតបអ្វីនៅឡើយទេ។
គួរជម្រាបថា អាកាសចរណ៍ធំៗអាមេរិកដទៃទៀតដូចជា American Airlines និង United Airlines បានចាប់ផ្តើមព្យួរនិងបញ្ឈប់ការងារបុគ្គលិកសរុប៣២,០០០នាក់ កាលពីសប្តាហ៍មុន។ បច្ចុប្បន្ន វិស័យអាកាសចរណ៍នៅអាមេរិក កំពុងប្រឈមនឹងបញ្ហាខាតបង់ធ្ងន់ធ្ងរ ដោយសារតែវិបត្តិជំងឺ COVID-19 ហើយខ្វះខាតការផ្តល់ជំនួយបន្ថែមពីសំណាក់រដ្ឋាភិបាល៕