(តូក្យូ)៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និងក្រុមអ្នករៀបចំកម្មវិធីនៅក្នុងប្រទេសជប៉ុន កំពុងព្យាយាមកាត់បន្ថយភាពស្មុគស្មាញ ក៏ដូចជាការចំណាយទៅលើព្រឹត្តិការណ៍អូឡាពិកទីក្រុងតូក្យូ ដែលត្រូវបានពន្យារពេលពីឆ្នាំនេះ ទៅធ្វើនៅឆ្នាំក្រោយវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០២០។

ក្រុមប្រឹក្សាប្រតិបត្តិរបស់ IOC នឹងពិនិត្យមើលទៅលើសំណើស្តីពីការកែសម្រួលជាច្រើន ពាក់ព័ន្ធនឹងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ។ ក្នុងនោះមានការផ្លាស់ប្តូរប្រមាណជា៥០ចំណុច ប៉ុន្តែមិនមានចំណុចដែលប៉ះពាល់ដល់ ចំនួនអត្តពលិកអូឡាំពិកនិងប៉ារ៉ាឡាំពិកសរុបទាំង១៥,៤០០នាក់ ឬមួយក៏ចំនួនព្រឹត្តិការណ៍ប្រកួតកីឡានោះឡើយ។ រីឯកម្មវិធីបើក-បិទព្រឹត្តិការណ៍ និងទីតាំងប្រកួតក៏មិនប៉ះពាល់ដែរ។

ដោយឡែក ចំណុចដែលត្រូវបានស្នើឲ្យមានការកាត់បន្ថយ រួមមានចំនួនផ្ទាំងបដាលម្អ, ទំហំប្រតិភូភាគីពាក់ព័ន្ធ, ចំនួនអ្នកបកប្រែអន្តរជាតិ, រថយន្តក្រុង, ទីតាំងបដិសណ្ឋារកិច្ច, ឈុតសម្លៀកបំពាក់ Mascot រួមទាំងការលុបចោលកម្មវិធីទទួលស្វាគមន៍ក្រុមអត្តពលិក ជាដើម។

គួរជម្រាបថា បើតាមការបញ្ជាក់របស់ IOC និងក្រុមអ្នករៀបចំកម្មវិធី ពួកគេបានកាត់បន្ថយការចំណាយរាប់ពាន់លានដុល្លារ មុនពេលព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ត្រូវបានពន្យារពេលកាលពី៦ខែមុន ដោយសារការផ្ទុះរាលដាលនៃជំងឺ COVID-19 ទៅទៀត ខណៈមានការសិក្សាមួយចំនួនអះអាងថា គម្រោងរៀបចំព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូនេះ មានការចំណាយខ្លាំងជ្រុល៕