(ក្រុងឡុងដ៍)៖ កីឡាករ Mesut Ozil ដែលមានប្រាក់ពលកម្ម ៤៥០,០០០ដុល្លារក្នុង ១សប្តាហ៍ក្នុងក្លិបកាំភ្លើងធំ Arsenal បានចេញមុខធានាផ្តល់ខែពេញដល់លោក Jerry Quy អ្នកពាក់អាវតំណាងក្លិប (Mascot) ដែលត្រូវបានបញ្ឈប់ពីការងារនាពេលថ្មីៗនេះ។
កីឡាករខ្សែបម្រើ-ប្រយុទ្ធកូនកាត់តួកគីអាល្លឺម៉ង់ Ozil បានបង្ហោះនៅលើបណ្តាញ Twitter ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC នៅថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០ នេះថា «វាពិតជាសោកស្តាយខ្លាំងណាស់ នៅពេលដឹងថា លោក Jerry Quy ដែលធ្វើការឲ្យ Arsenal ក្នុងរយៈពេល ២៧ឆ្នាំ ត្រូវបញ្ឈប់ពីការងារ។ ខ្ញុំសូមធានាបើកប្រាក់ខែពេញដល់រូបគាត់ ដរាបណានៅតែជាកីឡាកររបស់ Arsenal»។
លោក Jerry Quy បានស្ថិតក្នុងចំណោមបុគ្គលិកក្លិប ៥៥នាក់ដែលត្រូវក្លិបបញ្ឈប់ពីការងារ ដោយសារវិបត្តិហិរញ្ញវត្ថុ ដែលបានកើតឡើងដោយជំងឹ Covid-19 កាលពីខែមីនា ឆ្នាំ២០២០ ក្នុងនោះដែរទាំងកីឡាករ និងគ្រូបង្វឹក Mikel Arteta ក៏បានយល់ព្រមកាត់ប្រាក់ពលកម្មចំនួន ១២.៥% មានតែ Ozil ម្នាក់គត់ដែលបដិសេធ។
កិច្ចសន្យាចាស់របស់កីឡាករវ័យ ៣១ឆ្នាំ Ozil នឹងផុតកំណត់កិច្ចសន្យាជាមួយ Arsenal នៅបំណាច់រដូវកាលឆ្នាំ២០២០-២០២១ ក្រោយផ្ទេរចេញពីក្លិបអេស្ប៉ាញ Real Madrid កាលឆ្នាំ២០១៣។ Arsenal ក៏បានចាយលុយប្រមាណ ៦៨លានផោនផងដែរ ដើម្បីទិញកីឡាករថ្មី ៤រូបចូលនារដូវកាលនេះ៕