(បរទេស)៖ ភាគហ៊ុនរបស់បណ្តាក្រុមហ៊ុនអាកាសចរណ៍ធំៗនៅសហរដ្ឋអាមេរិក បានធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងផ្អាកកិច្ចចរចាស្តីពីកញ្ចប់ថវិកាសង្រ្គោះសម្រាប់វិបត្តិ COVID-19 ជាបណ្តោះអាសន្នសិន រហូតទាល់តែបោះឆ្នោតហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Business Insider នៅថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០។

ការសម្រេចផ្អាកកិច្ចចរចានេះកើតមានឡើង ស្របពេលដែលក្រុមហ៊ុនអាកាសចរណ៍ ត្រូវគេខំរំពឹងថានឹងជាវិស័យដែលទទួលបានការជួយជ្រោមជ្រែងធំជាងគេ ពីសំណាក់កញ្ចប់ថវិកាសង្រ្គោះខាងលើ។ កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី ណានស៉ី ផេឡូស៉ី (Nancy Pelosi) បានព្យាយាមទទូចឲ្យប្រធានក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយ ពន្យារពេលគម្រោងព្យួរក៏ដូចជាបញ្ឈប់ការងារបុគ្គលិករបស់ពួកគេ ដោយថាកញ្ចប់ថវិកាជំនួយសម្រាប់បុគ្គលិកអាកាសចរណ៍ នឹងសម្រេចបានក្នុងពេលឆាប់ៗ។

គួរជម្រាបថា ក្រោយលោក ដូណាល់ ត្រាំ ប្រកាសផ្អាកកិច្ចចរចាភ្លាមៗ ហ៊ុនរបស់អាកាសចរណ៍ធំៗអាមេរិក ដូចជា American Airlines បានធ្លាក់ចុះរហូតដល់៥ភាគរយ, United Airlines និង Delta ធ្លាក់៣.៤ភាគរយ ខណៈ Southwest ធ្លាក់២.៤ភាគរយ កំឡុងការជួញដូរហ៊ុននៅថ្ងៃអង្គារសប្តាហ៍នេះ។ ចំណែកផ្សារហ៊ុនអាមេរិក S&P 500 ក៏បានធ្លាក់ចុះ១.៥ភាគរយផងដែរ៕