(ភ្នំពេញ)៖ រដូវកាលបុណ្យកឋិនទាន កំពុងតែចូលមកដល់ហើយ ស្របពេលដែលភាពភ្ញាក់ផ្អើល ក៏បានមកដល់ដែរ។ ផលិតកម្ម «រស្មីហង្សមាស» បានប្រកាសត្រៀមបទប្រពៃណីខ្មែរ ជាច្រើនបទជាពិសេសសម្រាប់ រដូវបុណ្យកឋិនទាន ២០២០ នេះ ដោយផលិតកម្មបានបោះទុនខ្នាតយក្សផលិតបទចម្រៀងជាច្រើនបទ ប្រមូលម្ដុំដោយតារាប្រុសស្រីល្បីៗរាប់រយនាក់ឯណោះ។
តាមរយៈការបញ្ចេញបទចម្រៀងដំបូងគេ ដើម្បីអបអរសាទរពិធីបុណ្យកឋិនទានឆ្នាំនេះ គឺបទ «អានិសង្សកឋិនទាន» ពិតជាទទួលបានការស្ញើចសរសើរច្រើន ពីការផលិតដ៏មានគុណភាពរបស់ ផលិតកម្ម មានអាយុកាលយូរជាងគេមួយនេះ។ ត្រឹមតែមួយបទដំបូង គឺសង្កេតឃើញថា ការផលិតបទចម្រៀង របស់ផលិតកម្មរស្មីហង្សមាស គឺពិតជាមិនធម្មតាឡើយ។ គ្រប់យ៉ាងពោរពេញទៅដោយលក្ខណៈពិសេសជាច្រើន។
តំណាងផលិតកម្មរស្មីហង្សមាស បានថ្លែងប្រាប់ Fresh News Plus នៅថ្ងៃនេះឲ្យដឹងថា ឆ្នាំនេះ ហង្សមាស លេងមួយក្បាច់ចាស់ដៃបន្តិចហើយ គឺបានផលិតបទប្រពៃណីសុទ្ធតែមានគុណភាព ប្រមូលផ្តុំដោយ សិល្បកររាប់រយនាក់ ទាំងគ្រូភ្លេងជើងចាស់ ជើងថ្មី និងអ្នកនិពន្ធទំនុកច្រៀងសុទ្ធតែមានកេរ្តិ៍ឈ្មោះ ហើយថែមទាំងដាក់តារាចម្រៀងសុទ្ធតែលំដាប់កំពូល រួមបញ្ចូលគ្នាតែម្តង និយាយរួមគឺកប់តែម្តង!។
តំណាងដដែលបានបន្តថា ចំពោះទុនផលិត គឺសុំមិនបរិយាយទេ តែអាចបង្ហើបប្រាប់បានថា ការផលិតបទប្រពៃណីសម្រាប់រដូវបុណ្យកឋិនទានឆ្នាំនេះ ហង្សមាស បានបោះទុនខ្នាតយក្សតែម្តង ព្រោះគ្រប់យ៉ាង គឺសម្រិតសម្រាំងយកគុណភាពល្អបំផុត ត្រូវតែល្អ និងមានគុណភាពខ្ពស់គ្រប់បែបយ៉ាង។ ដូច្នេះហើយការចាយវាយសម្រាប់ការផលិត គឺមិនធម្មតាឡើយ។
គួរបញ្ជាក់ថា តាមការសង្កេតកន្លងមក គឺមានតែផលិតកម្មរស្មីហង្សមាសតែមួយគត់ ដែលអាចផលិតបទចម្រៀងបានគ្រប់ទំរង់ និងមានគុណភាពខ្ពស់ សមស្របទៅតាមនឹងកេរ្តិ៍ឈ្មោះជាផលិតកម្មលំដាប់លេខ១ ក្នុងប្រទេសកម្ពុជា៕