(ក្រុងរ៉ូម)៖ កីឡាករប្រណាំងកង់ក្នុងព្រឹត្តិការណ៍ Giro d’Italia 2020 របស់ប្រទេសអ៉ីតាលីជាច្រើននាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយបុករះបន្តបន្ទាប់គ្នា ដែលបណ្តាលមកពីឧទ្ធម្ភាចក្រនាំមុខហោះទាបពេកធ្វើឲ្យបាំងផ្លូវនៃការប្រណាំងនាល្ងាចថ្ងៃអង្គារ ទី០៦ ខែតុលា។

តាមរយៈព័ត៌មានពីគេហទំព័រ BBC បានចេញផ្សាយនៅថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា កីឡាករម្ចាស់ផ្ទះ Luca Wackermann និង Etienne van Empel ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ក្រោយជួបឧប្បត្តិហេតុនេះ ក្នុងការប្រណាំងជិតបញ្ចប់ជុំទី៤ ទៅហើយនោះ។

លោក Andrea Citracca ប្រធានក្រុមប្រណាំងជម្រើសជាតិអ៉ីតាលីបានប្រាប់ស្ថានីយទូរទស្សន៍ក្នុងស្រុក RAI2 ថា « Wackermann ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ នៅពេលសន្លប់បាត់ស្មារតី។ វាមិនច្បាស់ទេថាតើគាត់បានបាក់ឆ្អឹងត្រគាកឬអត់ទេ»

ក្រោយពីដឹងខ្លួនឡើងវិញ លោក Wackermann បានបង្ខំចិត្តបោះបង់ចោលការប្រណាំង ដោយមានរបួសច្រមុះ និងមានការសង្ស័យថា បានប៉ះពាល់ឆ្អឹងខ្នងបន្ថែមទៀតដែរ។

ដូចគ្នានោះដែរ កីឡាករ Geraint Thomas ដែលជាអតីតម្ចាស់ជើងឯក Tour de France ឆ្នាំ២០១៨ សញ្ជាតិវ៉េល ក៏បានបង្ខំចិត្តដកខ្លួនចេញពី Giro d’Italia 2020 ក្រោយពេលជួបគ្រោះថ្នាក់បុករះនៅអំឡុងពេលប្រណាំងទៅកាន់តំបន់ Mount Etna ក្រោយពេលរូបគេបានខកខានកម្មវិធីធំ Tour de France ឆ្នាំនេះទៅហើយនោះ៕