(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ព្រមទាំងព្រឹទ្ធាចារ្យកីឡាអត្តសញ្ញាណជាតិនេះបានប្រតិកម្មជាខ្លាំង ចំពោះករណីលោក ឆន ច័ន្ទវិរៈ ហៅគ្រូ អាថាន់ ដែលបានប្រកាសលើទំព័រហ្វេសប៊ុកឈ្មោះ «ល្បុក្កតោក្មេងវត្តអាថាន់» ដោយមានបំណងចង់ប្ដូរពាក្យ «ល្បុក្កតោ» ទៅជា «បុក្កតោ» កាលពីពេលថ្មីៗនេះ។

ក្រោយទទួលព័ត៌មានខាងលើ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ក៏ដូចជាថ្នាក់ដឹកនាំសហព័ន្ធកីឡាគុនល្បុក្កតោផ្សេងទៀត បានប្រាប់ទៅកាន់គ្រូបង្វឹកខាងលើ ត្រូវធ្វើការកែសម្រួលជាបន្ទាន់ បើមិនដូច្នេះ NOCC និងសហព័ន្ធ នឹងចាត់វិធានការតាមផ្លូវច្បាប់ ព្រោះការផ្លាស់ប្ដូរឈ្មោះ ដោយគ្មានការពិចារណាបែបនេះ ធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ និងអត្ដសញ្ញាណជាតិទៀតផង។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា «សូមឲ្យកែសម្រួលវិញជាបន្ទាន់ នេះជាវិទ្ធុង្សនាវប្បធម៌ និងយុទ្ធគុនអត្តសញ្ញាណជាតិ ព្រលឹងជាតិ ដែលត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះបញ្ជីជាបេតិកភណ្ឌជាតិរួចហើយនូវពាក្យថា ល្បុក្កតោ និងមានក្នុងកំណត់ត្រាវច្ចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត ពិសេសសំណើដាក់ក្នុងបញ្ជីបេតិកភ័ណ្ឌអរូបីនៃមនុស្សជាតិ UNESCO ក៏ដាក់ឈ្មោះនេះដែរ។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាល្បុក្កតោ នឹងចាត់វិធានការតាមផ្លូវច្បាប់»

ការព្រមានធ្ងន់ៗខាងលើ គឺក្រោយមានទំព័រហ្វេសប៊ុកឈ្មោះ «ល្បុក្កតោក្មេងវត្តអាថាន់» ដែលជាគណនីរបស់លោក ឆន ច័ន្ទវិរៈ បានសរសេរខ្លឹមសារបង្ហោះកាលពីថ្ងៃទី២៨ ខែកញ្ញាកន្លងទៅថា «ជំរាបសួរពុកម៉ែបងប្អូនក្នុងស្រុក និងក្រៅស្រុក និងកូនសិស្សនៅក្រៅប្រទេស និងក្នុងប្រទេស ដែលបានហាត់រៀនក្បាច់គុនចេញពីខ្ញុំ សូមប្ដូរពាក្យ «ល្បុក្កតោ» ឲ្យទៅជា «បុក្កតោ» ខ្ញុំនឹងធ្វើការកែប្រែនៅក្នុង ផេក ឡូហ្គោល ហ្វេសបុក យូធូក ទីកតុក (Page, Logo, Facebook, YouTobe) សូមមេត្តាជ្រាបពីខ្ញុំ ឆន ច័ន្ទវិរៈ ហៅលោកគ្រូ អាថាន់»

យ៉ាងណាមិញគម្រោងប្ដូរពាក្យនេះហាក់គ្មានការគាំទ្រពីអ្នកលេងបណ្ដាញសង្គម ក៏ដូចជាអ្នកនិយមគាំទ្រវិស័យកីឡាគុនល្បុក្កតោនោះឡើយ បន្ទាប់ពីគ្រូ អាថាន់ បានបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួន។ ផ្ទុយទៅវិញមានអ្នកលេងបណ្ដាញសង្គមមួយចំនួន បានព្យាយាមសួរដេញដោលភ្ជាប់ជាមួយខ្លឹមសារក្នុងវច្ចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត ទៀតផង ដោយពួកគេមិនគាំទ្រការចង់ប្ដូរពាក្យ «បុក្កតោ» ជំនួសពាក្យដើម គឺពាក្យ «ល្បុក្កតោ» នេះឡើយ៕