(ភ្នំពេញ)៖ លោក ឆន ច័ន្ទវិរៈ ហៅលោកគ្រូ អាថាន់ បានប្រកាសជាសាធារណៈនៅលើបណ្ដាញសង្គមឈ្មោះ ល្បុក្កតោក្មេងវត្តថាន់ របស់ខ្លួន ដោយទទួលស្គាល់កំហុស និងកែសម្រួល ដោយប្រើពាក្យ ក្បាច់គុនល្បុក្កតោ ធម្មតាវិញហើយ បន្ទាប់ពីគ្រូបង្វឹកករូបនេះមានបំណងចង់ប្ដូរទៅពាក្យ ក្បាច់គុនបុក្កតោ កាលពីថ្មីៗ។
ការទទួលស្គាល់នេះដែរ ធ្វើឡើងក្រោយថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា រួមទាំងព្រឹទ្ធាចារ្យជាច្រើន បានប្រតិកម្មយ៉ាងខ្លាំង ជុំវិញករណីលោក ឆន ច័ន្ទវិរៈ ប្រកាសលើបណ្ដាញសង្គមចង់ប្ដូរពាក្យ ល្បុក្កតោ ទៅជា បុក្កតោ ដែលនាំឲ្យប៉ះពាល់ដល់ក្បាច់គុនអត្តសញ្ញាណជាតិកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ។
លោកគ្រូ អាថាន់ បានសរសេរខ្លឹមសារបង្ហោះនាយប់ថ្ងៃពុធនេះថា «សូមគោរពឯកឧត្តម លោកជំទាវ ពុកម៉ែបងប្អូន និងព្រឹទ្ធាចារ្យក្បាច់គុនទាំងអស់ជាទីគោរព ។ ទាក់ទងនឹងក្បាច់គុនដោយប្រើពាក្យក្បាច់គុនល្បុក្កតោ ឲ្យដូរទៅជា «ក្បាច់គុនបុក្កតោ» ខ្ញុំនឹងធ្វើការកែប្រែឲ្យទៅជា «ក្បាច់គុនល្បុក្កតោ»វិញ។ ខ្ញុំបាទ ឆន ច័ន្ទវិរៈ ហៅលោកគ្រូ អាថាន់ រាល់ការខុសឆ្គងទាំងឡាយណា ដែលកើតឡើង គឺខ្ញុំទទូលទាំងអស់ ពុំមានជាប់ទាក់ទងនិងបុគ្គលមួយណាឡើយ»។
លោកថា «ខ្ញុំអត់ចង់ធ្វើការបកស្រាយនិយាយវែកញ៉ែកវែងឆ្ងាយបន្តទៀតទេខ្ញុំសូមបញ្ឈប់ត្រឹមនេះ ។ អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវ ពុកម៉ែបងប្អូន និងលោកគ្រូព្រឹទ្ធាចារ្យក្បាច់គុនទាំងអស់ សូមអនុគ្រោះដោយក្តីគោរពអំពីខ្ញុំ»។
គួរបញ្ជាក់ថា ក្រោយទទួលព័ត៌មានខាងលើ នៅល្ងាចថ្ងៃទី០៧ ខែតុលានេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានប្រតិកម្មជាខ្លាំង និងព្រមានឲ្យលោក ឆន ច័ន្ទវិរៈ ធ្វើការកែសម្រួលជាបន្ទាន់ បើមិនដូច្នោះ នឹងចាត់វិធានការតាមផ្លូវច្បាប់ ព្រោះការប្រកាសចង់ផ្លាស់ប្ដូរពាក្យ ឬឈ្មោះក្បាច់គុនល្បុក្កតោ ដោយគ្មានការពិចារណាបែបនេះ នឹងធ្វើឲ្យប៉ះពាល់ដល់វប្បធប៌ និងអត្ដសញ្ញាណជាតិទៀតផង។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា «សូមឲ្យកែសម្រួលវិញជាបន្ទាន់ នេះជាវិទ្ធុង្សនាវប្បធម៌ និងយុទ្ធគុនអត្តសញ្ញាណជាតិ ព្រលឹងជាតិ ដែលត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះបញ្ជីជាបេតិកភណ្ឌជាតិរួចហើយនូវពាក្យថា ល្បុក្កតោ និងមានក្នុងកំណត់ត្រាវច្ចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត ពិសេសសំណើដាក់ក្នុងបញ្ជីបេតិកភ័ណ្ឌអរូបីនៃមនុស្សជាតិ UNESCO ក៏ដាក់ឈ្មោះនេះដែរ។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាល្បុក្កតោ នឹងចាត់វិធានការតាមផ្លូវច្បាប់»៕