(អាល្លឺម៉ង់)៖ ក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡាល្បីល្បាញពេញពិភពលោក Adidas បានតែងតាំងអ្នកស្រី Amanda Rajkumar ដែលជានាយកប្រតិបត្តិមកពីធនាគារ BNP Paribas របស់បារាំងនោះ ជាប្រធានផ្នែកធនធានមនុស្សថ្មី នៃក្រុមហ៊ុនរបស់ខ្លួន បន្ទាប់ពីបុគ្គលិកបានប្តឹង ស្តីពីការប្រកាន់ពូជសាសន៍ នៅឯក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡារបស់អាល្លឺម៉ង់នេះ ឈានដល់ការចាកចេញ អតីតប្រធានផ្នែកធនធានមនុស្ស គឺអ្នកស្រី Karen Parkin កាលពីខែមិថុនា, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ។

អ្នកស្រី Parkin បានចុះចេញពីតំណែង បន្ទាប់ពីក្រុមបុគ្គលិកបានស្នើឲ្យមានការស៊ើបអង្កេតមួយការជុំវិញការចាត់ចែង ការប្រកាន់ពូជសាសន៍របស់អ្នកស្រី នៅក្រុមហ៊ុនមួយនេះ។

ដោយឡែក អ្នកស្រី Rajkumar ជនជាតិអង់គ្លេស វ័យ៤៨ឆ្នាំ នឹងចាប់ផ្តើមការងារថ្មីរបស់អ្នកស្រី នៅក្រុមហ៊ុន Adidas ក្នុងឆ្នាំ២០២១ខាងមុខ។

គួររំលឹកថា បន្ទាប់ពីមានការស្លាប់ជនជាតិស្បែកខ្មៅ George Floyd នៅក្នុងខែឧសភាកន្លងទៅ បាននាំឲ្យបណ្តាក្រុមហ៊ុនម៉ាកល្បីៗជាច្រើន បានប្តេជ្ញាជាសកម្មភាព លើវិសមភាពពូជសាសន៍, ក្នុងនោះក្រុមហ៊ុន Adidas បានសន្យានឹងលើកកម្ពស់បុគ្គលិកស្បែកខ្មៅ និងឡាទីនបន្ថែមទៀត ព្រមទាំងការវិនិយោគ នៅក្នុងសហគមន៍ជនជាតិស្បែកខ្មៅផងដែរ៕