(ប៉ារីស)៖ Olivier Giroud បានវ៉ាដាច់កំណត់ត្រារបស់អតីតកីឡាករ Michel Platini ដើម្បីក្លាយជាកីឡាករស៊ុតច្រើនជាងគេឲ្យជម្រើសជាតិបារាំងឈរនៅចំណាត់ថ្នាក់លេខ២ ក្រោយពេលបំបាក់ក្រុមភ្ញៀវអ៊ុយក្រែន ៧-១ ក្នុងមិត្តភាពអន្តរជាតិនារាត្រីថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០។
ខ្សែប្រយុទ្ធមកពីក្លិបតោខៀវ Chelsea របស់អង់គ្លេសខាងលើនេះរកបាន ២គ្រាប់ក្នុងវគ្គទី១ នៅនាទី២៤ និងនាទី៣៤ កើនគ្រាប់ស៊ុតបាន ៤២គ្រាប់ពីការបង្ហាញខ្លួនលើកទី១០០ប្រកួតឲ្យក្រុមជម្រើសជាតិមាន់គកបារាំង តាមពីអតីតខ្សែប្រយុទ្ធ Thierry Henry ដែលរកបានច្រើនគ្រាប់ជាងគេចំនួន ៩គ្រាប់។
ក្នុងជំនួបនោះដែរ កីឡាករយុវជន Eduardo Camavinga ដែលមានវ័យទើបតែ ១៧ឆ្នាំក៏រកបានគ្រាប់បើកឆាក និងក្លាយជាកីឡាករវ័យក្មេងទី២ របស់បារាំងដែលរកបានគ្រាប់បាល់ រួមជាមួយមិត្តរួមក្រុម Corentin Tollisso, Kylian Mbappe និង Antoine Griezmann សុទ្ធសឹងតែចូលរួមរកគ្រាប់បាល់ដូចគ្នា។
តែយ៉ាងណា នេះក៏ជាការបរាជ័យធ្ងន់ធ្ងរបំផុតផងដែររបស់អ៊ុយក្រែន ក្រោមការបង្វឹករបស់លោក Andriy Shevchenko ដែលជាអតីតកីឡាករសំខាន់របស់ក្លិប AC Milan និង Chelsea៕