(បារីស)៖ ក្រុមហ៊ុន Google បាននិយាយថា កិច្ចព្រមព្រៀងរក្សាសិទ្ធិឌីជីថលជាមួយកាសែតបារាំង ដែលនឹងធ្វើឡើងក្រោមច្បាប់អ៊ឺរ៉ុបក្នុងគោលបំណងធានាថា អ្នកបោះផ្សាយព័ត៌មានត្រូវបានបង់ប្រាក់សម្រាប់មាតិកាដែលបង្ហាញនៅក្នុង Google News។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AFP នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ។

ក្រុមហ៊ុន Google បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមជាមួយសមាគមតំណាងឱ្យអ្នកបោះពុម្ពផ្សាយកាសែតបារាំងថា ចំណុចសំខាន់ៗនៃកិច្ចព្រមព្រៀងគឺក្រុមហ៊ុន Google នឹងចែករំលែកប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម ទៅឱ្យស្ថាប័នព័ត៌មាន នៅក្នុង ប្រទេសបារាំង ដែលជាដៃគូសហការ។

ព័ត៌មាននេះត្រូវបានធ្វើឡើងនៅមុនថ្ងៃនៃសេចក្តីសម្រេចរបស់តុលាការ ពាក់ព័ន្ធនឹងក្រុមហ៊ុន Google ត្រូវបានគេចោទប្រកាន់ ថាតើសិទ្ធិអំណាចនៃការប្រកួតប្រជែង ស្ថិតនៅត្រង់ណា និងបានបញ្ជាក់ឱ្យក្រុមហ៊ុន Google ធ្វើការចរចាជាមួយក្រុមសារព័ត៌មានបារាំង បើមិនដូច្នេះទេ Google នឹងត្រូវរងការផាកពិន័យជាទឹកប្រាក់ក្នុងចំនួនមួយដ៏ច្រើន។

ក្រុមហ៊ុនអ៊ីនធ័រណេតដ៏ធំរបស់សហរដ្ឋអាមេរិកមួយនេះ កំពុងប្រឈមមុខនឹងក្រុមប្រព័ន្ធផ្សព្វផ្សាយអ៊ឺរ៉ុបរួមទាំងទីភ្នាក់ងាររបស់បារាំងផងដែរ ជុំវិញការបដិសេធរបស់ខ្លួនក្នុងការមិនគោរពតាមច្បាប់ថ្មីស្តីពី «សិទ្ធិអ្នកជិតខាង» របស់សហភាពអឺរ៉ុប។

ច្បាប់ស្វែងរកការការពារសិទ្ធិអ្នកនិពន្ធ ត្រូវបានលើកយកមកដើម្បីប្ដឹងចោទប្រកាន់មកលើក្រុមហ៊ុន Google ព្រោះតែបានយកមាតិកាព័ត៌មានរបស់ពួកគេមកផ្សព្វផ្សាយក្នុងគោលដៅស្វែងរកប្រាក់ចំណូល និងមិនបានសុំការអនុញ្ញាតពីប្រភពដើម ជាពិសេស គឺមិនបាន ចែករំលែកនូវភាគលាភដល់ម្ចាស់ដើម ហើយច្បាប់នេះផងដែរត្រូវបានបារាំងជាប្រទេសអឺរ៉ុបដំបូងដែលបានផ្តល់សច្ចាប័នលើច្បាប់នេះនៅឆ្នាំ ២០១៩ ហើយនៅក្នុងខែមេសាឆ្នាំនេះ អាជ្ញាធរប្រកួតប្រជែងបារាំងបានបញ្ជាឱ្យក្រុមហ៊ុន Google បើកកិច្ចពិភាក្សាអំពីការផ្តល់សំណងដល់អ្នកបោះពុម្ពផ្សាយព័ត៌មាន។

ប្រធានក្រុមកាសែត Les Echos - Le Parisien លោក Pierre Louette បាននិយាយថា កិច្ចពិភាក្សា «បានបញ្ជាក់ច្បាស់នូវចំណុចជាច្រើនហើយបានបញ្ជាក់ថា Google ទទួលយកគោលការណ៍នៃការផ្តល់សំណងដល់កាសែត»