(ភ្នំពេញ)៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១៤ (ថ្នាក់ជាតិ) ឆ្នាំ២០២០ នឹងធ្វើការប្រកួតកាត់សេចក្ដីរកបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (១/២) ចំនួន ២ក្រុមទៀត នាល្ងាចថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមវិសាខា និងខេត្តព្រៃវែង នឹងត្រូវជួបគ្នា ប្រសិនបើក្រុមទាំងពីរ ដណ្ដើមបានជ័យជម្នះក្នុងការប្រកួតជើងទី២ ល្ងាចនេះ។
ចំពោះវិសាខា នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមការពារតំណែងជើងឯកបឹងកេតអែហ្វស៊ីនាម៉ោង ៦ល្ងាច នៅកីឡដ្ឋានព្រីនស៍ បន្ទាប់ពីក្រុមទាំងពីរ ប្រកួតស្មើគ្នា ១-១ កាលពីជើងទី១ ក្នុងវគ្គ ៨ក្រុម។ នេះជាការប្រកួតដ៏តានតឹង ដែលក្រុមខ្លាំងទាំងពីរទាមទារឈ្នះដាច់ខាត ដើម្បីប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ នាយករដ្ឋមន្ដ្រីខាងលើ។
ចំណែកខេត្តព្រៃវែង ត្រូវបើកទ្វារផ្ទះទទួលក្រុមកងយោធពលខេមរភូមិន្ទ (ទ័ព) នៅកីឡដ្ឋានខេត្តព្រៃវែង។ កាលពីជើងទី១ ទ័ពបានយកឈ្នះក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំ២០២០ នេះ ដោយលទ្ធផល ១-០ ក្នុងដី។ ដូច្នេះអាចជារឿងលំបាកមួយ សម្រាប់ខេត្តព្រៃវែងដែលត្រូវការឈ្នះចាប់ពី ២គ្រាប់ឡើង ដើម្បីឡើងវគ្គ ១/២ ផ្ដាច់ព្រ័ត្រ។
យ៉ាងណាមិញប្រសិនបើវិសាខា និងខេត្តព្រៃវែង អាចដណ្ដើមបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គឺជារឿងដ៏ភ្ញាក់ផ្អើលមួយ ដែលក្រុមទាំងពីរ ត្រូវជួបគ្នា ដ្បិតធនធានកីឡាករខេត្តព្រៃវែង សុទ្ធសឹងយុវជន U18 វិសាខា មុនពួកគេប្រកាសផ្ដាច់ខ្លួនពីបុត្រសម្ព័ន្ធក្លិបវិសាខា ដោយបង្កើតជា «សមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង» ក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញ ពោលគឺមុនការប្រកួត ១ថ្ងៃ៕