(ភ្នំពេញ)៖ ផលិតករភាពយន្តដ៏ល្បីឈ្មោះ អ្នកស្រី ពាន់ ភួងបុប្ផា បានថ្លែងពីក្ដីបារម្ភរបស់ខ្លួនឲ្យដឹងថា វិស័យភាពយន្តនៅក្នុងប្រទេសកម្ពុជា អាចនឹងធ្លាក់ដុនដាបឈានទៅដល់ការក្ស័យធន ក្រោយពីជួបប្រទះនូវវិបត្តិជំងឺរាតត្បាតកូវីដ១៩ ខណៈផលិតករជាច្រើនបានផ្អាកសកម្មភាពផលិត ហើយភាពយន្តដែលផលិតបានជាច្រើនរឿង មិនត្រូវបានដាក់បញ្ចាំង នៅតាមបណ្តារោងភាពយន្តនានា តាមការគ្រោងទុកនោះឡើយ។
ថ្លែងប្រាប់ Fresh News Plus ពីខេត្តព្រះសីហនុ អ្នកស្រី ពាន់ ភួងបុប្ផា បានបញ្ជាក់ប្រាប់ឲ្យដឹងថា វិស័យភាពយន្តនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ត្រូវបានអ្នកស្រីសង្កេតឃើញថា មានការរាំងស្ទះ ទាំងការផលិត ការនិពន្ធ និងឧបសគ្គមួយចំនួនទៀត បន្ទាប់ពីជួបប្រទះនូវវិបត្តិជំងឺកូវីដ១៩ វាយលុករួចមក។ អ្នកស្រីបន្តថា មានកត្តាមួយចំនួន ដែលអាចរុញច្រានឲ្យភាពយន្តខ្មែរធ្លាក់ចុះជាថ្មី ប្រសិនបើពុំមានការជួយជ្រោមជ្រែង ស្រោចស្រង់ជាបន្ទាន់ទេនោះ។
កត្តាសំខាន់ៗ ដែលអាចធ្វើឲ្យភាពយន្តកម្ពុជាជួបហានិភ័យ និងឈានទៅរកការក្ស័យធនរួមមាន បញ្ហាប្រឈមនឹងការហូរចូលនៃភាពយន្តបរទេស, កត្តាធនធានមនុស្ស និងធនធានក្នុងការផលិត, ការខាតបង់របស់ផលិតករ, ការបាក់ទឹកចិត្តក្នុងការផលិតរឿង, ការផលិតរឿងដោយពុំមានគុណភាព ដើម្បីប្រកួតប្រជែង, ទស្សនិកជនមិនសូវគាំទ្រភាពយន្តក្នុងស្រុក និងកត្តាសំខាន់ៗជាច្រើនទៀត ដែលធ្វើឲ្យដង្ហើមភាពយន្តមានភាពផុយស្រួយ មិនអាចបន្តឲ្យមានភាពខ្លាំងក្លាទៅមុខទៀត។
អ្នកស្រី ពាន់ ភួងបុប្ផា បានសម្តែងការព្រួយបារម្ភ ទៅលើការជួបប្រទះនូវឧបសគ្គជាច្រើន ក្នុងការផលិតភាពយន្ត ដើម្បីបម្រើឲ្យវិស័យភាពយន្តខ្មែរកាន់តែរីកចម្រើន។ យ៉ាងណាមិញ ទោះបីជាអ្នកស្រីមានវ័យកាន់តែជ្រេណាស់ទៅហើយក្តី ប៉ុន្តែសម្រាប់ទឹកចិត្ត ការអត់ធ្មត់ព្យាយាមតស៊ូ ដើម្បីផលិតភាពយន្ត គឺអ្នកស្រីនៅតែមានទឹកចិត្តស្រឡាញ់ ចង់បន្សល់ទុកនូវស្នាដៃឲ្យក្មេងៗ ជំនាន់ក្រោយបានដឹង ដោយអ្នកស្រី នៅតែបន្តព្យាយាមប្រឹងប្រែង ជំនះឧបសគ្គទាំងអស់នេះ ទាំងដែលផលិតករដទៃទៀត ហាក់ទម្លាក់ដៃខុសពីពេលមុន។
ជាមួយនឹងហានិភ័យ នៃការធ្លាក់ចុះវិស័យភាពយន្តខ្មែរនេះ អ្នកស្រី ពាន់ ភួង បុប្ផា ក៏បានទទូចដល់ភាគីពាក់ព័ន្ធទាំងអស់ឲ្យចូលរួមជួយគាំទ្រ ជួយលើកស្ទួយ ជាពិសេស ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផលិតករនានា ត្រូវរួមគ្នាជំនះនូវឧបសគ្គទាំងអស់នេះ និងយល់ពីផលលំបាករបស់គ្នាទៅវិញទៅមក ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា កំពុងតែជួបនូវវិបត្តិនៃជំងឺរាតត្បាត ដើម្បីឲ្យវិស័យភាពយន្តខ្មែរមានដង្ហើមរស់ឡើងវិញ ជាពិសេសការជួយទប់ស្កាត់ ការហូរចូលនៃភាពយន្តបរទេស និងលើកកំពស់ភាពយន្តក្នុងស្រុកឲ្យបានការតែច្រើន៕