(ភ្នំពេញ)៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១៤ (ថ្នាក់ជាតិ) ឆ្នាំ២០២០ បានរកឃើញបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ២ក្រុមទៀតហើយ គឺវិសាខា និងខេត្តព្រៃវែង ក្រោយយកឈ្នះគូប្រកួតដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដីរៀងខ្លួន បន្ទាប់ពីសរុបលទ្ធផលជួបគ្នា ២ជើងដោយលទ្ធផលស្មើគ្នា ៤-៤ ដូចគ្នា។
ចំពោះក្រុមវិសាខា បានបន្ដប្រកួតស្មេីក្រុមបឹងកេត ៣-៣ ក្នុងជើងទី២ នៅកីឡដ្ឋានព្រីនស៍ នាល្ងាចថ្ងៃទី០៨ ខែតុលានេះ ដ្បិតជើងទី១ ក្រុមទាំងពីរ ក៏ស្មើគ្នា ១-១ ដែរ។ តាមរយៈលទ្ធផលស្មើគ្នានេះ គណៈកម្មការបានសម្រេចកាត់សេចក្ដី ដោយការទាត់បាល់ប៉េណាល់ទី ក្នុងនោះវិសាខា ធ្វើបានសម្រេច ៤គ្រាប់ជាប់ៗគ្នា ខណៈបឹងកេត ទាត់ ៥ដង រកបានតែ ៣គ្រាប់ប៉ុណ្ណោះ ដែលនាំឲ្យជ័យជម្នះបានទៅក្រុមម្ចាស់ផ្ទះវិសាខា។
ចំណែកខេត្តព្រៃវែង បានធ្វើឲ្យក្រុមកងយោធពលខេមរភូមិន្ទ(ទ័ព) ខកចិត្តជាខ្លាំង ក្រោយទម្លាក់អតីតក្រុមជើងឯក ៣សម័យនេះ ដោយការទាត់បាល់ប៉េណាល់ទី ៥-៤ បន្ទាប់ពីប្រកួត ២ជើង ស្មើគ្នា ៤-៤។ ក្នុងជំនួបជើងទី២ ថ្ងៃនេះ ខេត្តព្រៃវែង បានវាយបកឈ្នះក្រុមទ័ព ៤-៣ ដ្បិតកាលពីជើងទី១ ក្រុមទ័ពបានយកឈ្នះក្នុងដី ១-០ ធ្វើឲ្យក្រុមទាំងពីរ ឈានដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដីតែម្ដង។
ជ័យជម្នះខាងលើនេះ បានធ្វើឲ្យវិសាខា និងខេត្តព្រៃវែង ដឹកដៃគ្នាឡើងទៅបង្គ្រប់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានសម្ដេចតេជោ-ថ្នាក់ជាតិ ហើយក៏ជារឿងគួរឲ្យចាប់អារម្មណ៍ ដែលក្រុមទាំងពីរ ត្រូវជួបគ្នាក្នុងវគ្គដ៏សំខាន់នេះដែរ ដ្បិតធនធានកីឡាករខេត្តព្រៃវែង សុទ្ធសឹងជាអតីតយុវជន U18 វិសាខា មុនពួកគេប្រកាសផ្ដាច់ខ្លួនពីបុត្រសម្ព័ន្ធក្លិបវិសាខា ដោយបង្កើតជា “សមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង” កាលពីម្សិលមិញ៕